ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុង Minneapolis សម្រេចផ្ដល់សំណងដល់គ្រួសារលោក George Floyd ចំនួន ២៧ លានដុល្លារអាមេរិក

    BY autoadmin March 13, 2021
    ទីក្រុង Minneapolis សម្រេចផ្ដល់សំណងដល់គ្រួសារលោក George Floyd ចំនួន ២៧ លានដុល្លារអាមេរិក

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បាននិយាយថា ទីក្រុង Minneapolis នៅថ្ងៃសុក្រនេះ បានយល់ព្រមចំណាយប្រាក់ ២៧លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងរដ្ឋប្បវេណីពីក្រុមគ្រួសាររបស់លោក George Floyd ជុំវិញការស្លាប់របស់លោកកាលពីឆ្នាំមុន ខណៈក្រុមប្រឹក្សាតុលាការនៅតែបន្តសុំណំរឿងឃាតកម្មមួយនេះ។ គួររំលឹកជូនផងដែរថា លោក George Floyd ត្រូវបានប៉ូលីសស្បែកស Derek Chauvin សង្កត់ករយៈពេលជាង ៨នាទី រហូតដល់ស្លាប់កាលពីខែឧសភា ឆ្នាំ២០២០ ជុំវិញរឿងក្រដាសប្រាក់ ២០ ដុល្លារក្លែងក្លាយ។ មរណភាពរបស់គាត់បានធ្វើឱ្យមានកំហឹងជាសារធារណៈ និងមានការតវ៉ាទ្រង់ទ្រាយធំនៅទូទាំងសហរដ្ឋអាមេរិក។

    នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានរៀបចំឡើងលោក Ben Crump ដែលជាមេធាវីរបស់គ្រួសារលោក George Floyd បាននិយាយថា វាជាការដោះស្រាយសិទ្ធិស៊ីវិលដ៏ធំបំផុតមិនធ្លាប់មាន ហើយបានផ្ញើសារដ៏មានឥទ្ធិពលមួយថា «ជីវិតជនជាតិស្បែកខ្មៅក៏មានតម្លៃ ហើយភាពសាហាវឃោរឃៅរបស់ប៉ូលីសប្រឆាំងនឹងសម្បុរត្រូវតែបញ្ចប់»។ ការទូទាត់នេះរួមបញ្ចូលទាំងទឹកប្រាក់ចំនួន ៥០ ម៉ឺនដុល្លារ សម្រាប់សង្កាត់ Minneapolis ភាគខាងត្បូង ដែលរាប់បញ្ចូលទាំងតំបន់ផ្លូវប្រសព្វ 38th & Chicago ដែលត្រូវដាក់រនាំងចាប់តាំងពីលោក George Floyd បានទទួលមរណភាព ដោយមានរូបចម្លាក់ដែក និងផ្ទាំងគំនូរដ៏ធំជាការរំលឹកដល់វិញ្ញាណក្ខន្ធរបស់គាត់៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: