បាតុករមីយ៉ាន់ម៉ាជាង ២០នាក់បន្ថែមទៀត ត្រូវបានកងកម្លាំងសន្ដិសុខបាញ់សម្លាប់ ខណៈយោធាបានចេញច្បាប់អាជ្ញាសឹកសម្រាប់ទីក្រុងយ៉ាំងហ្គោន
- BY
- autoadmin
- March 15, 2021
មីយ៉ាន់ម៉ា៖ យ៉ាងហោចណាស់មានក្រុមបាតុករចំនួន ២០ នាក់បន្ថែមទៀត ត្រូវបានកងកម្លាំងសន្តិសុខបាញ់សម្លាប់ នៅពេលដែលរបបយោធាបានប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងតំបន់មួយចំនួននៃទីក្រុងយ៉ាំងហ្គោន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា កម្លាំងសន្តិសុខបានបើកការបាញ់ប្រហារទៅលើក្រុមបាតុករនៅក្នុងទីក្រុងយ៉ាំងហ្គោន និងកន្លែងផ្សេងទៀតកាលពីថ្ងៃអាទិត្យ។

ការស្លាប់របស់អ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារមានការកើនឡើងជាបន្តបន្ទាប់ ខណៈដែលចំនួនអ្នកស្លាប់ចាប់តាំងពីការប្រមូលផ្តុំគ្នាកាលពីខែមុន ត្រូវបានគេជឿថាមានលើសពី ១០០ នាក់ហើយ។ ក្នុងនោះមានអ្នកស្លាប់យ៉ាងតិចចំនួន ៧០នាក់ ត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ដោយអ្នកស៊ើបអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិ និងយ៉ាងហោចណាស់មានមនុស្សស្លាប់ ១០ នាក់កាលពីថ្ងៃសៅរ៍នេះ។
កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ច្បាប់អាជ្ញាសឹកត្រូវបានដាក់នៅស្រុក Hlaingthaya និងកន្លែងផ្សេងទៀតនៅក្នុងទីក្រុងយ៉ាំងហ្គោន បន្ទាប់ពីកម្លាំងសន្តិសុខបានចាប់ផ្តើមបង្ក្រាបបាតុករ ហើយរោងចក្រសម្លៀកបំពាក់ជាច្រើនត្រូវបានឆេះ។ នៅក្នុងតំបន់ដែលស្ថិតក្រោមច្បាប់អាជ្ញាសឹក អាជ្ញាធរតុលាការត្រូវបានផ្ទេរទៅជាមេបញ្ជាការយោធា។ ដូច្នេះវាបានបញ្ជាក់យ៉ាងច្បាស់ថា ពួកយោធាគឺមានបំណងចាត់ការលើក្រុមបាតុករយ៉ាងចាស់ដៃបន្ថែមទៀត៕




អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






