អន្តរជាតិ

ការសិក្សារបស់ជប៉ុនបានរកឃើញថា ស្ត្រីអស់រដូវដែលផឹកស្រាច្រើនអាចប្រឈមនឹងជំងឺមហារីកសុដន់

BY
autoadmin
March 15, 2021

ក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលជំងឺមហារីកជប៉ុនបានរកឃើញថា ស្ត្រីជនជាតិជប៉ុនដែលអស់រដូវហើយផឹកស្រាច្រើន ទំនងអាចនឹងវិវត្តទៅរកជំងឺមហារីកសុដន់។ វាគឺជាការរកឃើញរបស់ក្រុមស្រាវជ្រាវនៃមជ្ឈមណ្ឌលមហារីកអៃឈី (Aichi Cancer Center) ក្នុងទីក្រុង Nagoya ដែលពួកគេបានប្រមូលទិន្នន័យពីស្ត្រីជនជាតិជប៉ុនជាង ១៥៨,០០០ នាក់ ក្នុងរយៈពេលប្រហែល ១៤ ឆ្នាំកន្លងមក ហើយបានវិភាគលើតំណភ្ជាប់គ្នារវាងស្រា និងជំងឺមហារីកសុដន់ចំពោះស្ត្រី។ នៅទីបំផុតអ្នកស្រាវជ្រាវបានរកឃើញថា ស្ត្រីប្រហែលជា ២,២០០នាក់ ក្នុងចំណោមពួកគេ បានវិវត្តទៅរកជំងឺមហារីកសុដន់។

អ្នកស្រាវជ្រាវបានរកឃើញថា ស្ត្រីដែលអស់រដូវហើយផឹកស្រាស្ទើរតែរាល់ថ្ងៃមានហានិភ័យខ្ពស់ជាង ១.៣៧ ដង បើធៀបនឹងអ្នកដែលមិនផឹកស្រា។ ពួកគេក៏បានរកឃើញថា ស្ត្រីអស់រដូវដែលផឹកស្រាច្រើនជាង ២៣ ក្រាមក្នុងមួយថ្ងៃ មានហានិភ័យ ១.៧៤ ដង ខ្ពស់ជាងអ្នកដែលមិនផឹកស្រាសោះ។ ប៉ុន្តែយ៉ាងណាអ្នកស្រាវជ្រាវមិនអាចបញ្ជាក់ពីបរិមាណជាក់លាក់ ឬភាពញឹកញាប់នៃការផឹកស្រាប៉ុនណា ដែលវាអាចបង្កឱ្យមានហានិភ័យនៃជំងឺមហារីកសុដន់ចំពោះស្ត្រីក្រោយពេលអស់រដូវនោះទេ។

ពួកគេនិយាយថា នេះគឺជាការសិក្សាទ្រង់ទ្រាយធំលើកដំបូងរវាងគ្រឿងស្រវឹង និងជំងឺមហារីកសុដន់ចំពោះស្ត្រីជនជាតិជប៉ុន ហើយលទ្ធផលនៃការសិក្សាក៏ត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិអន្តរជាតិផងដែរ។ លោក Matsuo Keitaro សមាជិកក្រុមស្រាវជ្រាវបាននិយាយថា ការធាត់ហួសកម្រិតអាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់ប្រហែល ៥០% ប៉ុន្តែការសិក្សាបានរកឃើញថា ការសេពគ្រឿងស្រវឹងបង្កគ្រោះថ្នាក់ច្រើនជាងការធាត់។ លោកក៏បានសុំឱ្យស្ត្រីទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ ហើយគិតគូចំពោះសុខភាពឱ្យបានដិតដល់៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: