វៀតណាម ចាប់ផ្តើមសាកល្បងចាក់វ៉ាក់សាំងកូវីដ-១៩ ទី២ ដែលបង្កើតឡើងដោយខ្លួនឯងហើយ
- BY
- autoadmin
- March 16, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានឱ្យដឹងថា វៀតណាមបានបើកការសាកល្បងលើមនុស្សលើកទី១ សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលខ្លួនជាអ្នកបង្កើតឡើងកាលពីថ្ងៃច័ន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ នៅឯសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ ហើយវាគឺជាវ៉ាក់សាំងទី២ ដែលត្រូវបានសាកល្បងលើពលរដ្ឋស្ម័គ្រចិត្ត។ ប្រភពបាននិយាយថា អ្នកចូលរួមគឺមានអាយុចន្លោះពី ១៨-៥៩ឆ្នាំ និងជាជនជាតិវៀតណាមទាំងអស់ ដោយពួកគេនឹងត្រូវសាកល្បងវ៉ាក់សាំងឈ្មោះថា Covivac ដែលបង្កើតដោយវិទ្យាស្ថានវ៉ាក់សាំងនិងជីវសាស្ត្រវេជ្ជសាស្ត្រ (IVAC) ។

អ្នកចូលរួម ២០នាក់ ក្នុងចំណោម ១២០នាក់ នឹងទទួលបានថ្នាំ placebo ខណៈអ្នកនៅសេសសល់នឹងទទួលបានដូសផ្សេងៗគ្នាដូចជា៖ ១មីក្រូក្រាម ៣មីក្រូក្រាម និង ១០មីក្រូក្រាម។ កាលពីថ្ងៃច័ន្ទ មានពលរដ្ឋ ៦នាក់ បានទៅទទួលវ៉ាក់សាំងសាកល្បង ហើយបន្ទាប់ពីចាក់វ៉ាក់សាំងរួច ពួកគេបានទទួលការតាមដានពីការធ្វើទុក្ខយ៉ាងយកចិត្តទុកដាក់។ ការចាក់វ៉ាក់សាំងសាកល្បងនេះមាន ៨វគ្គ ដូច្នេះអ្នកចូលរួមចំនួន ១១៤ នាក់ផ្សេងទៀត នឹងត្រូវទទួលវ៉ាក់សាំងនៅពេលក្រោយ ដែលនឹងធ្វើឡើងរហូតដល់ថ្ងៃទី២០ ខែមេសា។
វ៉ាក់សាំងត្រូវចាក់ចំនួន ២ដង ជាមួយនឹងគម្លាត ២៨ ថ្ងៃពីគ្នា ហើយអ្នកស្ម័គ្រចិត្តនឹងទទួលបានការតាមដានទាំងថ្ងៃចាក់ដំបូង ឬតាមទូរស័ព្ទបន្ថែមនៅពេលដែលពួកគេត្រឡប់ទៅផ្ទះវិញ ដើម្បីតាមដានសុខភាពបន្ទាប់ពីទទួលវ៉ាក់សាំងរួច។ ក្រសួងសុខាភិបាលរបស់ប្រទេសនេះក៏បាននិយាយថា ការធានារ៉ាប់រងសរុបប្រហែល ៤០ ពាន់លានដុង ឬ ១.៧ លានដុល្លារ ត្រូវបានរៀបចំសម្រាប់អ្នកស្ម័គ្រចិត្តរួចជាស្រេច៕


អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






