ជំងឺកូវីដ១៩បំលែងថ្មីនៅប្រេស៊ីល កំពុងធ្វើឱ្យប្រព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេសកាន់តែមានភាពដុនដាប ខណៈ១ថ្ងៃមានអ្នកឆ្លងរាប់ម៉ឺននាក់ និងបាត់បង់ជីវិតរាប់ពាន់នាក់
- BY
- autoadmin
- March 17, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា ជំងឺ COVID-19 បំលែងខ្លួនថ្មី កំពុងតែរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសប្រេស៊ីល ដោយធ្វើឱ្យប្រព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេសនេះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ការបំលែងខ្លួននេះត្រូវបានគេជឿថា មានដើមកំណើតនៅទីក្រុងអាម៉ាហ្សូន និងបានរីករាលដាលពាសពេញប្រទេសនៅខែនេះផ្ទាល់តែម្ដង។ វាបានធ្វើឱ្យចំនួនករណីថ្មីប្រចាំថ្ងៃនៅក្នុងប្រទេស កើនឡើងដល់ ៧០,០០០ករណី ដែលច្រើនជាងគេបំផុតនៅលើពិភពលោកលើសសហរដ្ឋអាមេរិកទៅទៀត ហើយការស្លាប់ប្រចាំថ្ងៃបានឡើងដល់ ២,០០០ នាក់ នៅថ្ងៃខ្លះផងដែរ។

គិតត្រឹមថ្ងៃសុក្រជាង ៨០% នៃបន្ទប់ ICU របស់មន្ទីរពេទ្យនៅក្នុងរដ្ឋយ៉ាងតិច ២៤ ក្នុងចំណោម ២៧ របស់ប្រទេសប្រេស៊ីលពោរពេញទៅដោយអ្នកជំងឺ។ ជាក់ស្ដែងគិតត្រឹមនៅសៅប៉ូឡូតែមួយ អត្រានៃអ្នកជំងឺក្នុងបន្ទប់ ICU បានឡើងដល់ ៩០% នៅសប្តាហ៍នេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា មនុស្សរាប់សិបនាក់បានស្លាប់រៀងរាល់ថ្ងៃនៅទីនោះ មុនពេលដែលពួកគេអាចមានឱកាសបានចូលមន្ទីរពេទ្យ។ ចំណែកនៅទីបញ្ចុះសពមួយនៅជាយក្រុងសៅប៉ូឡូវិញ មានជិត ៨០% នៃចំនួនសាកសពដែលត្រូវបានបញ្ចុះនៅទីនោះជារៀងរាល់ថ្ងៃ គឺជាជនរងគ្រោះដែលកើតជំងឺ COVID-19 តែម្ដង៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






