លោក ដូណាល់ ត្រាំ ណែនាំអ្នកគាំទ្រឱ្យទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ព្រោះវាមានសុវត្ថិភាពអាចទុកចិត្តបាន
- BY
- autoadmin
- March 17, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជំរុញឱ្យអ្នកគាំទ្រគណបក្សសាធារណរដ្ឋរបស់លោក គួរតែទៅចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ដើម្បីការពារខ្លួនពួកគេពីជំងឺរាតត្បាតនេះ។ លោកបាននិយាយនៅក្នុងសម្ភាសន៍តាមទូរទស្សន៍មួយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 គឺមានសុវត្ថិភាពល្អ ហើយមានតែការចាក់វ៉ាក់សាំងប៉ុណ្ណោះទើបអាចការពារពួកគេពីការឆ្លងជំងឺបាន។ គួរឱ្យដឹងដែរថា ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ គឺមិនចូលចិត្តវ៉ាក់សាំងនេះទេ ហើយកន្លងមកពួកគេតែងតែប្រឆាំងមិនចូលរួមក្នុងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឡើយ។

កាលពីពេលលោក ដូណាល់ ត្រាំ នៅកាន់តំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក គាត់ធ្លាប់ត្រូវបានគេរិះគន់ជាច្រើនលើកច្រើនសារ ព្រោះតែការមិនយកចិត្តទុកដាក់ជាមួយជំងឺ COVID-19 ហើយបានមើលរំលងពីស្ថានភាពជំងឺនាពេលនោះ។ សូម្បីនៅពេលដែលវ៉ាក់សាំងបង្ការជំងឺ COVID-19 ត្រូវបានចែកចាយនៅទូទាំងប្រទេសជាលើកដំបូង ក៏អតីតប្រធានាធិបតីរូបនេះមិនមានជាយោបល់អ្វីដែរ បើទោះបីជាអតីតប្រធានាធិបតីអាមេរិកផ្សេងៗទៀតបានជម្រុញពលរដ្ឋ និងបានចូលរួមចាក់វ៉ាក់សាំងបង្ការជាសាធារណៈ។
យ៉ាងណាក៏ដោយអ្នកនាំពាក្យរបស់លោកប្រធានាធិបតីរូបនេះ ធ្លាប់បានបង្ហើបទៅកាន់សារព័ត៌មានថា លោក និងលោកជុំទាវទី១ មេឡានៀ ត្រាំ ការពិតទៅបានទទួលវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 រួចទៅហើយ តាំងតែពីខែមករាដើមឆ្នាំ២០២១មកម្ល៉េះ ប៉ុន្តែបានរក្សាការសម្ងាត់រហូតមក មិនដូចជាអ្នកដទៃដែលព្យាយាមបង្ហាញវាជាសាធារណៈ ដើម្បីឱ្យពលរដ្ឋកាន់តែមានទំនុកចិត្តចំពោះវ៉ាក់សាំងទេ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






