អស់បញ្ហារឿងភ្លេចកាតATM! ធនាគារដ៏ធំមួយនៅសិង្ហបុរីបានបើកឱ្យអតិថិជន អាចពិនិត្យសមតុល្យគណនី និងដកសាច់ប្រាក់ដោយការស្កេនមុខ
- BY
- autoadmin
- March 18, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ធនាគារដ៏ធំមួយរបស់សិង្ហបុរីបានប្រកាសថា ឆាប់ៗនេះអតិថិជនរបស់ពួកគេនឹងអាចពិនិត្យមើលសមតុល្យគណនី ឬដកសាច់ប្រាក់ដោយការស្កេនមុខនៅតាមម៉ាស៊ីន ATM របស់ធនាគារបាន។ នៅក្នុងសេចក្ដីជូនដំណឹងមួយនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះផ្ទាល់ ធនាគារ OCBC បាននិយាយថា ខ្លួននឹងដំណើរការប្រព័ន្ធស្កេនមុខសម្រាប់ប្រតិបត្តិការធនាគារនៅតាមម៉ាស៊ីន ATM ដែលខ្លួនបានកំណត់ចំនួន ៨ នៅទូទាំងប្រទេសចាប់ពីថ្ងៃសុក្រនេះ។

ទីតាំងដែលមានប្រព័ន្ធស្កេនមុខមាននៅទីតាំង៖ មជ្ឈមណ្ឌល Tampines ទី២, មជ្ឈមណ្ឌលទិញឥវ៉ាន់ Jurong, ធនាគារ Great Eastern នៅផ្លូវ Pickering Street, មជ្ឈមណ្ឌល Tampines ទី១, អគារ HDB Hub Level 1, ផ្លូវ 103 Yishun Ring, អគារកណ្តាលរបស់ OCBC និងផ្សារ 7-Eleven នៅផ្លូវ Geylang ។ ធនាគារមួយនេះក៏មានបំណងនឹងបំពាក់ប្រព័ន្ធស្កេនមុខ សម្រាបទីតាំងទូ ATM របស់ធនាគាទាំង ៥៥០ នៅទូទាំងសិង្ហបុរីចាប់ពីខែមិថុនា។ ខ្លួនក៏មានផែនការធ្វើស្កេនមុខសម្រាប់ប្រតិបត្តិការតាម ATM ផ្សេងទៀតរួមមាន៖ ប្រាក់បញ្ញើ ផ្ទេរប្រាក់ទៅធនាគារផ្សេងទៀត ការបញ្ចូលទឹកប្រាក់ក្នុងកាត និងការទូទាត់វិក្កយបត្រប័ណ្ណឥណទានចាប់ពីឆ្នាំក្រោយតទៅ។
ធនាគារ OCBC ជឿជាក់ថា ការដាក់បំពាក់ប្រព័ន្ធស្កេនមុខគឺជួយបង្កើនភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន ហើយអតិថិជននឹងមិនចាំបាច់ត្រូវដាក់កាត ATM តាមខ្លួនគ្រប់ពេលនោះទេ ខណៈដែលវាក៏ជាសុវត្ថិភាពថ្មីមួយជូនដល់អតិថិជនផងដែរ។ ធនាគារក៏បានដាក់នូវប្រព័ន្ធសុវត្ថិភាពផ្សេងៗបន្ថែមទៀត ដើម្បីទប់ស្កាត់ការបន្លំដូចជាការយករូបថត/វីដេអូទៅស្កេនជំនួស ឬការពាក់ម៉ាស់នៅពេលស្កេនមុខជាដើម៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






