រលកកម្តៅបានសម្លាប់ប្រជាជនកូរ៉េជាច្រើននាក់ ហើយវានឹងបន្តវាយប្រហារដល់ប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ទៀត
រលកកម្តៅបានបន្តកើនឡើងនៅតាមបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោកក្នុងមួយរយៈពេលចុងក្រោយនេះ។ បើយោងតាមរបាយការណ៍របស់សារព័ត៌មាន BBC បានឲ្យដឹងថា ពេលនេះរលកកម្តៅបានវាយប្រហារដល់ប្រទេសអេស្ប៉ាញ និង ព័រទុយហ្គាល់ហើយ ដែលរលកកម្តៅ និងខ្យល់ក្តៅនេះបានបក់មកពីតំបន់អាហ្វ្រិក។ យោងតាមសារព័ត៌មាន BBC បានបញ្ជាក់ថា នៅតំបន់ភាគខាងត្បូងប្រទេសព័រទុយហ្គាល់មានសីតុណ្ហភាពដល់ទៅ ៤៧ អង់ស្សាសេ កាលពីប៉ុន្មានថ្ងៃមុននេះ ហើយកាលពីឆ្នាំ ២០០៣ កន្លងទៅនេះតំបន់ធ្លាប់មានសីតុណ្ហភាពកើតឡើងដល់ ៤៧,៤ អង់ង្សាសេឯណោះ។
សម្រាប់នៅតាមតំបន់មួយចំនួនក្នុងប្រទេសអេស្ប៉ាញវិញសីតុណ្ហភាពបានកើនដល់ ៤៧,៣ អង់ស្សាសេ ដែលសីតុណ្ហភាពកម្រិតនេះធ្លាបកើតមានម្តងរួចមកហើយតំបន់ទាំងនេះកាលពីឆ្នាំមុន។ សូមបញ្ជាក់ដែរថា រលកកម្តៅបានវាយប្រហារប្រទេសជាច្រើនទាំងនៅតំបន់អឺរ៉ុប និងអាស៊ី តួរយ៉ាងប្រទេសកូរ៉េខាងត្បូង និងជប៉ុន សុទ្ធតែមានអ្នកស្លាប់ដោយសារលកកម្តៅកាលពីពេលថ្មីៗនេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ BBC