អន្តរជាតិ

យ៉ាងហោចណាស់មានបាតុករមីយ៉ាន់ម៉ាចំនួន ៤ នាក់បន្ថែមទៀត ត្រូវបានកម្លាំងសន្ដិសុខបាញ់សម្លាប់

BY
autoadmin
March 20, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា កម្លាំងសន្តិសុខនៅមីយ៉ាន់ម៉ា បានសម្លាប់បាតុករប្រឆាំងនឹងរដ្ឋប្រហារយ៉ាងតិច ១០ នាក់បន្ថែមទៀត កាលពីថ្ងៃសុក្រម្សិលមិញនេះ។ ជម្រាបដែរថា ការតវ៉ានៅប្រទេសមីយ៉ាន់ម៉ានៅតែបន្ដមានឡើងជារឿយៗ បើទោះបីជាពួកយោធាបានប្រកាសច្បាប់អាជ្ញាសឹកនៅតាមតំបន់មួយចំនួន បូករួមទាំងការដកហូតច្បាប់អនុញ្ញាតពីកន្លែងសំខាន់ៗ ហើយបាននិងកំពុងបន្តការបង្ក្រាបមកលើបាតុករយ៉ាងឃោរឃៅក៏ដោយ។

ជាក់ស្ដែងអ្នកកាសែត BBC ដែលជាអ្នករាយការណ៍ពីរដ្ឋធានីណៃពិដោម្នាក់ ត្រូវបានចាប់ខ្លួនដោយបុរសមិនស្គាល់អត្តសញ្ញាណកាលពីថ្ងៃសុក្រ ខណៈសារព័ត៌មាន BBC បានអំពាវនាវឱ្យអាជ្ញាធររកទីតាំងរបស់អ្នកកាសែតនោះ និងបញ្ជាក់ពីសុវត្ថិភាពរបស់គាត់។ កម្លាំងសន្តិសុខមីយ៉ាន់ម៉ាក៏បានឃាត់ខ្លួនអ្នកកាសែតរបស់សារព័ត៌មាន Associated Press ដែលកំពុងរាយការណ៍ពីកន្លែងតវ៉ាផងដែរ។ គួរឱ្យដឹងដែរថា មនុស្សយ៉ាងហោចណាស់ ២,៤០០ នាក់ ត្រូវបានគេចាប់ខ្លួន និង ២១១នាក់ ត្រូវបានគេសម្លាប់ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ រហូតមកដល់ពេលនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: