ឃើញអាមេរិកដំឡើងពន្ធទំនិញខ្លួន ឥលូវចិនខឹងដំឡើងពន្ធលើទំនិញអាមេរិកវិញ ដែលមានទំហំទឹកប្រាក់ ៦០ ពាន់លានដុល្លារ
កាលពីដើមសប្តាហ៍នេះរដ្ឋបាលរបស់លោកប្រធានាធិបតិអាមេរិក Donald Trump បានសម្រេចដំឡើងពន្ធលើទំនិញរបស់ចិនដែលនាំមកលក់នៅក្នុងអាមេរិកឲ្យឡើងដល់ ២៥ % លើទំនិញដែលមានទំហំទឹកប្រាក់ ២០០ ពាន់លានដុល្លារ។ ឆ្លើយតបទៅនឹងការសម្រេចខាងលើនេះ កាលពីម្សិលមិញនេះរដ្ឋាភិបាលចិនបានប្រកាសដែរថានឹងដំឡើងពន្ធលើទំនិញអាមេរិក ដែលនាំមកលក់នៅក្នុងប្រទេសចិនឲ្យដល់ ២៥% ដូចគ្នាដែរ លើទំនិញដែលមានទំហំទឹកប្រាក់ ៦០ ពាន់លានដុល្លារ។
តាមរបាយការណ៍របស់រដ្ឋាភិបាលចិនបានឲ្យដឹងថា ទំនិញរបស់អាមេរិក ដែលចិនគ្រោងនឹងដំឡើងពន្ធនោះរួមមាន ផលិតផលកាហ្វេ សាច់ គ្រាប់ធញ្ញជាតិ ផលិតផលស្រាគ្រប់ប្រភេទ រ៉ែ សារធាតុគីមី ផលិតផលធ្វើពីស្បែកសត្វ ផលិតផលធ្វើអំពីឈើ គ្រឿងសង្ហារិម គ្រឿបន្លាស់យានយន្ត និងគ្រឿងម៉ាស៊ីនជាដើម។ ឥរិយាបថរបស់រដ្ឋាភិបាលនៃប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរខាងលើនេះ ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា គឺជាសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ហើយពួកគេបានស្នើឲ្យប្រទសទាំងពីរនេះគួរមានការយោគយល់ឲ្យគ្នាទៅវិញទៅមកឲ្យបានច្រើន ដើម្បីចៀសវាងសង្គ្រាមពាណិជ្ជកម្មកាន់តែធំឡើងៗ៕
អត្ថបទ៖ ភក្តី
ប្រភព៖ CNN