ម៉ាឡេស៊ីបានបង្កើតមូលនិធិមួយ ដើម្បីជួយដល់អ្នកដែលទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ហើយមានបញ្ហាប្រតិកម្មធ្ងន់ធ្ងរ
- BY
- autoadmin
- March 22, 2021
ប្រទេសម៉ាឡេស៊ីនៅថ្ងៃច័ន្ទ ទី២២ ខែមីនា ឆ្នាំ២០២១ នេះបានប្រកាសថា ខ្លួនបានបង្កើតមូលនិធិសំណងមួយ ដែលមានទឹកប្រាក់ចំនួន ២.៤ លានដុល្លារអាមេរិក ដើម្បីផ្តល់ជំនួយជាសាច់ប្រាក់ដល់អ្នកទទួលវ៉ាក់សាំង COVID-19 ណាម្នាក់ ដែលទទួលរងនូវប្រតិកម្មធ្ងន់ធ្ងរក្រោយពេលចាក់វ៉ាក់សាំងរួច។ ជម្រាបផងដែរថា ម៉ាឡេស៊ីបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់បុគ្គលិកជួរមុខប្រមាណ ៤៣០,០០០ នាក់ ហើយក្នុងចំណោមពួកគេយ៉ាងហោចណាស់បានទទួលវ៉ាក់សាំងដូសទី១ របស់ក្រុមហ៊ុន Pfizer/BioNTech ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Adham Baba បាននិយាយថា ក្រោមថវិកាថ្មីនេះបុគ្គលដែលប្រតិកម្មវ៉ាក់សាំងរហូតដល់ត្រូវសម្រាកនៅមន្ទីរពេទ្យ នឹងមានសិទ្ធិទទួលបាន ១២,១៧១ ដុល្លារ ឬ ១២១,៧១០ ប្រសិនបើមានពិការភាព ឬស្លាប់ដោយយថាហេតុ។ លោក Adham Baba បាននិយាយថា គិតមកទល់ពេលនេះអាជ្ញាធរសុខាភិបាលបានកត់ត្រានូវករណីចំនួន ២០ ដែលប្រតិកម្មខ្លាំងក្រោយចាក់វ៉ាក់សាំង ដោយរោគសញ្ញាមានចាប់ពីរមាស់ រហូតដល់ដង្ហើមខ្លី និងញ័រទ្រូងជាដើម ប៉ុន្តែនៅមិនទាន់មានការស្លាប់ណាមួយដែលត្រូវបានគេរកឃើញនោះទេ។ រដ្ឋាភិបាលប្រទេសនេះគឺមានជំនឿចិត្តយ៉ាងខ្លាំងចំពោះវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer/BioNTech ហើយរំពឹងថានឹងអាចចាក់ជូនពលរដ្ឋចំនួន ៣៥លាននាក់ ត្រឹមខែធ្នូចុងឆ្នាំនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






