អន្តរជាតិ

សកម្មជនមីយ៉ាន់ម៉ាគ្រោងធ្វើកូដកម្មស្ងៀមស្ងាត់នៅថ្ងៃពុធនេះ បន្ទាប់ពីកម្លាំងសន្ដិសុខបានបាញ់សម្លាប់ក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ នៅក្នុងផ្ទះរបស់នាងផ្ទាល់

BY
autoadmin
March 24, 2021

ក្រុមសកម្មជនមីយ៉ាន់ម៉ាគ្រោងធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារបន្ថែមទៀតនៅថ្ងៃពុធនេះ រួមទាំងការធ្វើកូដកម្មស្ងាត់ស្ងៀម ខណៈដែលអាជីវកម្មជាច្រើននឹងត្រូវបិទទ្វារ ហើយពលរដ្ឋត្រូវបានអំពាវនាវឱ្យស្នាក់នៅក្នុងផ្ទះមិនគួរចេញទៅណា បន្ទាប់ពីក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ ត្រូវបានកងកម្លាំងសន្តិសុខបាញ់សម្លាប់នៅក្នុងផ្ទះរបស់នាង នៅអំឡុងពេលមានការបង្ក្រាបដោយហិង្សានៅក្រុងម៉ាន់ដាឡេ។ ក្រុមបាតុករក៏បានរៀបចំការអុចបំភ្លឺទៀនពេញមួយយប់នៅទីតាំងជាច្រើន ដោយរាប់បញ្ចូលទាំងសង្កាត់មួយនៃរដ្ឋធានីពាណិជ្ជកម្មយ៉ាំងហ្គោន និងនៅ Thahton ក្នុងរដ្ឋ Mon ។

ប្រភពពីរ៉យទ័របានឱ្យដឹងថា ការអុចបំភ្លឺទៀននេះបានកើតឡើងបន្ទាប់ពីក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ ត្រូវបានកម្លាំងសន្ដិសុខបាញ់សម្លាប់ ហើយក្មេងស្រីរូបនោះគឺជាជនរងគ្រោះដែលនៅក្មេងខ្ចីបំផុត ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ដើមខែកុម្ភៈ។ ប្រភពបានបន្ដថា ពួកសន្ដិសុខបានបាញ់សំដៅទៅឪពុករបស់នាង ប៉ុន្តែបានត្រូវលើកូនស្រីដែលអង្គុយលើភ្លៅ ហើយនៅថ្ងៃដដែលនោះផ្ទាល់ក៏មានពលរដ្ឋ ២ នាក់ផ្សេងទៀត ត្រូវបានគេបាញ់សម្លាប់នៅក្នុងសង្កាត់តែមួយផងដែរ។ យ៉ាងណាមិញរហូតមកទល់ពេលនេះ ពួកយោធាមិនបានធ្វើការអត្ថាធិប្បាយភ្លាមៗអំពីឧប្បត្តិហេតុនេះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: