កូនប្រុស Osama Bin Laden ដែលអតីតមេភេរវកម្មដ៏ល្បីឈ្មោះ កំពុងតែចងសម្ព័ន្ធមិត្តជាមួយក្រុមភេរវកម្ម ដើម្បីសងសឹកឲ្យលោកឪពុករបស់ខ្លួន
កាលពីពេលថ្មីៗនេះ កូនប្រុសបង្កើតរបស់លោក Osama Bin Laden អតីតមេដឹកនាំភេរវកម្មដ៏ល្បីរបស់ក្រុមឥស្លាមជ្រុលនិយម ដែលបានរៀបចំគម្រោងបញ្ជាយន្តហោះបុកកំទេចអគារភ្លោះនៅអាមេរិកនោះ បានរៀបការហើយ គឺរៀបការជាមួយនឹងកូនស្រីទី ៩ របស់លោក Mohammed Atta ជាអតីតភេរវក ដែលបានធ្វើសកម្មភាពប្លន់យន្តហោះ និងជាអ្នកបញ្ជាយន្តហោះឲ្យទៅបុកអគារភ្លោះនោះផ្ទាល់តែម្តង។ កូនប្រុសរបស់អតីតមេដឹកនាំភេរវកម្មរូបនេះមានឈ្មោះថា Hamza bin Laden អាយុ២៩ឆ្នាំ កំពុងរស់នៅក្នុងប្រទេសអាហ្គានីស្ថាន។
ពិធីរៀបការនេះត្រូវបានគេមើលឃើញថា ជាការចងសម្ព័ន្ធមិត្តដ៏រឹងមាំមួយក្នុងចំណោមក្រុមភេរវកម្មប្រឆាំងនឹងប្រទេសលោកខាងលិច។ បើតាមលោកយាយ Alia Ghanem ត្រូវជាម្តាយរបស់លោក Osama Bin Laden បានឲ្យដឹងថា ចៅប្រុសរបស់គាត់មានសមត្ថភាព និងទេពកោសល្យក្នុងការដឹកនាំល្អ ដូចជាឪពុករបស់គេអីចឹង។ កន្លងមកលោក Hamza bin Laden ធ្លាប់បាននិយាយថា រូបគេនឹងបន្តធ្វើសង្គ្រាមជាមួយនឹងប្រទេសលោកខាងលិច ដើម្បីសងសឹកជូនឪពុករបស់គេ។ តាមរយៈសកម្មភាពខាងនេះ គេអាចសន្និដ្ឋានបានថា ថ្ងៃណាមួយ Hamza bin Laden នឹងធ្វើភេរវកម្មទ្រង់ទ្រាយធំទៅកាន់ពិភពលោក ដូចឪពុករបស់គេអីចឹង៕

អត្ថបទ៖ ភក្តី
ប្រភព៖ dailymail