អន្តរជាតិ

ប្រទេសឥណ្ឌាផ្អាកការនាំចេញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ Oxford-AstraZeneca ជាបណ្តោះអាសន្ន ដោយសារតម្រូវការក្នុងស្រុកមានការកើនឡើងពេក

BY
autoadmin
March 25, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ប្រទេសឥណ្ឌាបានផ្អាកជាបណ្តោះអាសន្ន លើរាល់ការនាំចេញវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់សាកលវិទ្យាល័យ Oxford សហការជាមួយក្រុមហ៊ុន AstraZeneca ដែលផលិតនៅក្នុងប្រទេសរបស់ខ្លួន។ ការផ្អាកនាំចេញវ៉ាក់សាំងនេះគឺដោយសារ ប្រទេសឥណ្ឌាបានប្រឈមនឹងការកើនឡើងនៃជំងឺ COVID-19 ដែលបានធ្វើឱ្យមានតម្រូវការក្នុងស្រុកកើនឡើង ហើយរំពឹងនឹងត្រូវការច្រើននៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ការផ្លាស់ប្តូរនេះត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដល់ការផ្គត់ផ្គង់រហូតដល់ចុងខែមេសា។

ដូច្នេះប្រទេសចំនួន ១៩០ ដែលស្ថិតក្រោមគ្រោងការណ៍កម្មវិធី COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក ដោយមានគោលបំណងធានាថាវ៉ាក់សាំងត្រូវបានចែកចាយដោយស្មើភាពគ្នាក្នុងចំណោមប្រជាជាតិទាំងអស់ ក៏ត្រូវរងផលប៉ះពាល់ខ្លាំងដែរ។ ក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេរបស់ឥណ្ឌា គឺវិទ្យាស្ថានសេរ៉ូមឥណ្ឌា (SII) ទទួលបន្ទុកផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 បានពន្យាពេលការដឹកជញ្ចូនថ្នាំ AstraZeneca ទៅប្រទេសជាច្រើនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ រួមទាំងចក្រភពអង់គ្លេស និងប្រេស៊ីលជាដើម។ គួរឱ្យដឹងដែរថា រហូតមកដល់ពេលនេះប្រទេសឥណ្ឌាបាននាំចេញនូវវ៉ាក់សាំងជាង ៦០ លានដូស ទៅកាន់ ៧៦ ប្រទេស ហើយភាគច្រើននៃថ្នាំទាំងនេះគឺជាថ្នាំរបស់ Oxford-AstraZeneca៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: