អន្តរជាតិ

ក្រុមហ៊ុនឱសថ Pfizer បានណែនាំថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គួរតែត្រូវបានបង្កកសិនមុនពេលដឹកជញ្ជូនចែកចាយ

BY
autoadmin
March 26, 2021

ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer បាននិយាយថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលខ្លួនជាអ្នកបង្កើតឡើង គួរតែត្រូវបានបង្កកជាមុនសិន មុនពេលដឹកជញ្ជូនចែកចាយទៅកាន់ទីតាំងនានា ហើយការដាក់ក្នុងទូរទឹកកកធម្មតាមិនគួរជាជម្រើសអាទិភាពទេ វាគួរតែត្រូវបានប្រើប្រាស់នៅពេលដែលមិនអាចធ្វើការបង្កកវ៉ាក់សាំងបានប៉ុណ្ណោះ។ ដោយយោងតាមការលើកឡើងខាងលើនេះ ក្រុមហ៊ុន Pfizer នៃប្រទេសជប៉ុនកាលពីថ្ងៃច័ន្ទ ក៏បានចេញជាគោលការណ៍ណែនាំមួយចំនួន ជូនដល់មន្ត្រីក្នុងស្រុក ក៏ដូចជាបុគ្គលិកសុខាភិបាល នៅមុនពេលការចាក់វ៉ាក់សាំង Pfizer នៅក្នុងប្រទេសជប៉ុននឹងចាប់ផ្ដើមនៅថ្ងៃទី១២ ខែមេសា។

នៅក្នុងគោលការណ៍ណែនាំ ក្រុមហ៊ុនបាននិយាយថា មិនត្រូវឱ្យមានការកន្ទ្រាក់ឬរំញ័រទៅលើវ៉ាក់សាំងនោះទេ ពីព្រោះវាអាចធ្វើឱ្យវ៉ាក់សាំងខូចបានយ៉ាងងាយ ហើយវ៉ាក់សាំងគួរតែកកនៅពេលចែកចាយជាបាច់តូចៗទៅកន្លែងចាក់វ៉ាក់សាំង និងគួរតែដឹកវ៉ាក់សាំងនៅសីតុណ្ហភាពពី ២ ទៅ ៨ អង្សាសេ ប្រសិនបើមិនអាចបង្កកវ៉ាក់សាំងបាន។ Pfizer ក៏ធ្លាប់ប្រាប់ក្រសួងសុខាភិបាលជប៉ុនកាលពីខែធ្នូ ឆ្នាំមុនថា ការដឹកជញ្ជូនតាមទូរទឹកកកមិនត្រូវបានណែនាំទេ ប៉ុន្តែអាចទទួលយកបានប្រសិនបើគ្មានជម្រើសផ្សេងទៀត។ ការដឹកជញ្ជូនឱ្យបានត្រឹមត្រូវតាមការណែនាំ នឹងធានាមកនូវប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់របស់វ៉ាក់សាំង៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: