អាល្លឺម៉ង់នឹងតម្រូវឱ្យអ្នកដំណើរតាមយន្តហោះទាំងអស់ ត្រូវតែធ្វើតេស្ដរកជំងឺកូវីដ១៩ជាមុនសិនទើបអាចឱ្យចូលប្រទេសខ្លួនបាន
- BY
- autoadmin
- March 26, 2021
ប្រទេសអាល្លឺម៉ង់នឹងតម្រូវឱ្យមនុស្សគ្រប់គ្នាដែលធ្វើដំណើរតាមយន្ដហោះមកកាន់ប្រទេសរបស់ខ្លួន ត្រូវតែឆ្លងកាត់ការធ្វើតេស្តរកជំងឺ COVID-19 ជាមុនសិនទើបអនុញ្ញាតឱ្យចូលបាន ហើយការផ្លាសប្ដូរនេះនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១ រហូតដល់ពាក់កណ្តាលខែឧសភា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Deutsche Welle ។ គួររំលឹកផងដែរថា កាលពីមុនទាល់តែអ្នកធ្វើដំណើរមកពីតំបន់ដែលមានហានិភ័យខ្ពស់ប៉ុណ្ណោះ ទើបតម្រូវឱ្យមានសំបុត្របញ្ជាក់ពីការធ្វើតេស្ដ «អវិជ្ជមាន» លើជំងឺ COVID-19 ប៉ុន្តែពេលនេះគឺអ្នកដំណើរមកពីគ្រប់ទីកន្លែងត្រូវតែធ្វើដូចគ្នា។

ច្បាប់ថ្មីគឺតម្រូវឱ្យអ្នកដំណើរមកកាន់ប្រទេសនេះទាំងអស់ ត្រូវមានសំបុត្របញ្ជាក់ពីភាពអវិជ្ជមានជំងឺ COVID-19 ហើយក្រុមហ៊ុនអាកាសចរណ៍ក៏ត្រូវពិនិត្យអ្នកដំណើរទាំងនោះ មុនពេលអាចអនុញ្ញាតពួកគេឱ្យហោះហើរបាន។ អ្នកដំណើរនឹងត្រូវចំណាយថវិកាដោយខ្លួនឯង នៅពេលដែលពួកគេត្រូវការធ្វើតេស្ដ PCR ហើយមធ្យោបាយធ្វើតេស្ដល្បឿនលឿន (rapid tests) ដែលត្រូវបានអនុម័តពីអ្នកជំនាញសុខភាព ត្រូវបានយល់ព្រមឱ្យប្រើប្រាស់ដូចគ្នា។ ចំណែកអ្នកដែលមិនបានធ្វើតេស្ដជំងឺ COVID-19 ជាមុន ហើយបានវិជ្ជមាននៅពេលមកដល់ទឹកដីអាល្លឺម៉ង គឺនឹងតម្រូវឱ្យសម្រាកព្យាបាលដាច់ដោយឡែករយៈពេល ១៤ថ្ងៃ និងគោរពតាមច្បាប់ផ្សេងៗទៀត ដែលមានស្រាប់នៅតាមមូលដ្ឋាន៕


អត្ថបទ៖ លីដា
ប្រភព៖ Deutsche Welle
- Share This Post:






