ឪពុកម្តាយគួរប្រយ័ត្នចំពោះកូនៗ! ក្មេងប្រុសម្នាក់ញៀនលេងហ្គេមពេក រហូតកើតអាការៈចម្លែក ញាក់ភ្នែក ញាក់មុខ និងវៀចមាត់ ឥតឈប់ (មានវីដេអូ)
ក្មេងប្រុស ដែលញៀនលេងហ្គេមម្នាក់បានត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ព្រោះតែរូបគេមានអាការៈចម្លែកដូចជា ញាក់ភ្នែក ញាក់មុខ និងវៀចមាត់ ដែលអការៈនេះបានកើតឡើងបន្ទាប់ពីរូបគេមានទម្លាប់ចំណាយពេលលេងហ្គេមប្រមាណជា៩ម៉ោងក្នុងថ្ងៃ។ កុមារជាជនរងគ្រោះមានឈ្មោះថា John Nathan Lising អាយុ៦ឆ្នាំ រស់នៅក្នុងប្រទេសហ្វីលីពិន។ បើតាមម្តាយឪពុករបស់ក្មេងរូបនេះបានឲ្យដឹងថា កូនរបស់គាត់មិនដែលមានបញ្ហាសុខភាពអ្វីប្លែកពីមុនមកនោះទេ តែមួយរយៈពេលនេះកូនរបស់គាត់បានញៀនលេងហ្គេមជាខ្លាំងដោយចំណាយពេលប្រមាណជា៩ម៉ោង ដើម្បីលេងហ្គេមរាល់ថ្ងៃ និងស្រាប់តែកើតមានអាការៈដូចខាងលើនេះតែម្តង។
យ៉ាងណាក្តី បើតាមលោកវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យដ៏ល្បីមួយនៅក្នុងប្រទេសហ្វីពីពិនបានឲ្យដឹងថា ក្រោយពីការត្រួតពិនិត្យខួរក្បាលរបស់ក្មេងប្រុសរូបនេះបានបង្ហាញថា ខួរក្បាលរបស់គេពុំមានបញ្ហាអ្វីនោះទេ ហើយគេក៏មិនបានរកឃើញមូលហេតុអ្វីជាក់លាក់ ដែលបង្កឲ្យគេមានបញ្ហានេះដែរ។ បើទោះបីជាយ៉ាងនេះក្តី គ្រូពេទ្យបានណែនាំឲ្យកុមាររូបនេះនៅឆ្ងាយពីហ្គេម ព្រោះថារូបគេកំពុងតែមានជំងឺញៀននឹងការលេងហ្គេមធ្ងន់ធ្ងរ ហើយកត្តាដែលជំរុញឲ្យគេកើតមានបញ្ហាចម្លែកនេះទំនងជាបណ្តាលមកពីការលេងហ្គេមហួសកម្រិតផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark