សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនធំៗចំនួន ២ ដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា
- BY
- autoadmin
- March 26, 2021
សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនធំចំនួន ២ គ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា ដែលនេះគឺជាវិធានការមួយរបស់ខ្លួនក្នុងការដាក់ទណ្ឌកម្មលើរបបយោធា ដែលបានធ្វើរដ្ឋប្រហារដណ្ដើមអំណាចមេដឹកនាំស៊ីវិលកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ ការដាក់ទណ្ឌកម្មរបស់អាមេរិក សំដៅទៅលើក្រុមហ៊ុនសេដ្ឋកិច្ចមីយ៉ាន់ម៉ាហូលឌីងខូអិលធីឌី (MEHL) និងសាជីវកម្មសេដ្ឋកិច្ចមីយ៉ាន់ម៉ា (MEC) ។ ក្រុមហ៊ុនទាំង ២ គ្របដណ្តប់លើវិស័យសេដ្ឋកិច្ចរបស់ប្រទេស រួមមានការធ្វើពាណិជ្ជកម្ម ធនធានធម្មជាតិ អាល់កុល បារី និងទំនិញប្រើប្រាស់។

យោងតាមក្រសួងរតនាគារសហរដ្ឋអាមេរិកបានឱ្យដឹងថា MEHL គឺជាក្រុមហ៊ុនសម្ព័ន្ធយោធាដ៏ធំ និងអាថ៌កំបាំងមួយ ដែលមានទំនាក់ទំនងជាមួយអាជីវកម្ម និងគ្របដណ្តប់សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា ចាប់ពីធនាគារពាណិជ្ជកម្ម ភ័ស្តុភារ ដឹកជញ្ជូន និងរ៉ែ ដល់វិស័យទេសចរណ៍ កសិកម្ម ថ្នាំជក់ អាហារ និងភេសជ្ជៈ ខណៈដែល MEC គឺជាក្រុមហ៊ុនកាន់កាប់អាជីវកម្មក្នុងវិស័យរ៉ែ ការផលិត និងទូរគមនាគមន៍ ក៏ដូចជាក្រុមហ៊ុនដែលផ្គត់ផ្គង់ធនធានធម្មជាតិដល់យោធា និងប្រតិបត្តិការរោងចក្រផលិតទំនិញសម្រាប់ប្រើប្រាស់ដោយពួកយោធា៕


អត្ថបទ៖ លីដា
ប្រភព៖ Saudi Gazette
- Share This Post:






