ប្រព័ន្ធសុខាភិបាលនៃប្រទេសប្រេស៊ីលកំពុងប្រឈមនឹងការដួលរលំ ដោយសារករណីជំងឺកូវីដ១៩នៅទីនោះបានកើនឡើងយ៉ាងគំហុក
- BY
- autoadmin
- March 29, 2021
ចំនួនករណីឆ្លងជំងឺ COVID-19 នៅប្រទេសប្រេស៊ីលបានបន្ដកើនឡើងចាប់តាំងពីខែមុន ហើយប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសក៏កំពុងជិតនឹងរដួលរលំផងដែរ។ ទិន្នន័យដែលបានចងក្រងដោយសាកលវិទ្យាល័យចនហបគីនស៍នៅសហរដ្ឋអាមេរិកបង្ហាញថា ចំនួនសរុបនៃជំងឺ COVID-19 ប្រចាំថ្ងៃរបស់ប្រេស៊ីលមានចំនួនជាង ៩ ម៉ឺននាក់ គិតត្រឹមថ្ងៃសៅរ៍ ដែលជាចំនួនមួយគួរឱ្យព្រួយបារម្ភបំផុត ហើយឥឡូវនេះបន្ទប់ ICU របស់មន្ទីរពេទ្យច្រើនជាង ៩០% ត្រូវបានបំពេញដោយអ្នកជំងឺ COVID-19។

បច្ចុប្បន្នប្រទេសនេះក៏មានចំនួនអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតនៅលើពិភពលោក ដោយកាលពីថ្ងៃសុក្រកន្លងទៅមានអ្នកជំងឺ COVID-19 ចំនួន ៣,៦៥០ នាក់បានស្លាប់ ហើយនៅថ្ងៃសៅរ៍មានមនុស្ស ៣,៤៣៨ នាក់ បានស្លាប់ផងដែរ។ យ៉ាងណាក៏ដោយ ប្រធានាធិបតីរបស់ប្រទេសនេះគឺលោក Jair Bolsonaro មិនសូវខ្វាយខ្វល់ពីវិធានការការពារនោះទេ ដោយលោកបានគិតពីសេដ្ឋកិច្ចធំជាងសុខភាពប្រជាជន។ ដូច្នេះហើយរដ្ឋមួយចំនួនបានចេញវិធានការដោយខ្លួនឯង ប៉ុន្តែវាមិនអាចពេញលេញ ១០០% បាននោះទេ។
ចំណែកក្រុមអ្នកជំនាញវិញបានព្រមានថា ប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសកំពុងឈានដល់ការដួលរលំហើយ ហើយពួកគេបានប៉ាន់ប្រមាណថា ការស្លាប់ដោយសារជំងឺ COVID-19 នៅប្រេស៊ីលនឹងកើនឡើងដល់ ៥០០,០០០ នាក់ នៅក្នុងខែកក្កដា។ ពួកគេក៏និយាយផងដែរថា ចំនួនអ្នកស្លាប់របស់ប្រេស៊ីលអាចនឹងឈានដល់កំពូល លើសសហរដ្ឋអាមេរិកទៅទៀត៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






