ចរាចរណ៍តាមទឹកឆ្លងកាត់ព្រែកជីកស៊ុយអែសបានដំណើរការជាធម្មតាវិញហើយ បន្ទាប់ពីនាវារបស់ក្រុមហ៊ុនតៃវ៉ាន់ Evergreen Marine ត្រូវបានគេរំដោះរួច
- BY
- autoadmin
- March 30, 2021
ចរាចរណ៍តាមទឹកឆ្លងកាត់ព្រែកជីកស៊ុយអែស (Suez Canal) របស់ប្រទេសអេហ្ស៊ីប ពេលនេះបានចាប់ផ្តើមដំណើរការឡើងវិញហើយ បន្ទាប់ពីកម្មករជាច្រើននាក់បានជួយរំដោះនាវារបស់ក្រុមហ៊ុនតៃវ៉ាន់ Evergreen Marine ដែលបានជាប់គាំងនៅក្នុងព្រែកនោះ ហើយបានធ្វើឱ្យចរាចរណ៍ផ្លូវទឹកមានការកកស្ទះអស់រយៈពេលជិត ១ សប្ដាហ៍។ នាវា Ever Given គឺជានាវាផ្ទុកទំនិញធំបំផុតមួយនៅលើពិភពលោកនេះ ដែលមានទម្ងន់ ២២០,០០០ តោន អាចផ្ទុកកុងតឺន័របានចំនួន ២០,០០០ កុងតឺន័រ ហើយលាតសន្ធឹងជាង ១,៣០០ ហ្វីត ឬ ៤០០ ម៉ែត្រ ដែលជិតស្មើកម្ពស់អគារ Empire State Building ។

លោក Osama Rabie ប្រធានអាជ្ញាធររបស់ព្រែកបានប្រាប់អ្នកយកព័ត៌មានថា ផ្លូវទឹកបានបើកវិញនៅម៉ោង ៦ល្ងាច នៅថ្ងៃច័ន្ទ (ម៉ោងក្នុងស្រុក) បន្ទាប់ពីនាវាបានធ្វើឱ្យជាប់គាំងតាំងតែពីថ្ងៃអង្គារសប្ដាហ៍មុន។ ការជាប់គាំងរបស់នាវាដឹកទំនិញយក្សមួយនេះ បានធ្វើឱ្យនាវាទាំងតូចទាំងធំចំនួន ៤២២ ផ្សេងទៀតត្រូវជាប់គាំងដូចគ្នា ដោយសារពួកគេរង់ចាំឆ្លងកាត់ផ្លូវនោះ។ ពាណិជ្ជកម្មសកលប្រមាណជា ១២% ត្រូវបានឆ្លងកាត់តាមព្រែកជីកស៊ុយអែសនេះ ហើយមានទំនិញមិនក្រោមតម្លៃ ៩ ពាន់លានដុល្លារនោះទេ ដែលត្រូវបានឆ្លងកាត់ទីនេះជារៀងរាល់ថ្ងៃ ឬអាចនិយាយបានថា ស្មើនឹង ៤០០លានដុល្លារ ក្នុងមួយម៉ោង៕


អត្ថបទ៖ លីដា
ប្រភព៖ CNCD
- Share This Post:






