អន្តរជាតិ

អ្នកជំងឺកូវីដ១៩នៅវៀតណាមចំនួន ៣នាក់ បានជាសះស្បើយពីជំងឺ និងកំពុងនៅផ្ដាច់ខ្លួន ស្រាប់តែតេស្ដវិជ្ជមានឡើងវិញ

BY
autoadmin
March 30, 2021

យោងតាមអាជ្ញាធរសុខាភិបាលនៃប្រទេសវៀតណាមបានឱ្យដឹងថា អ្នកជំងឺ COVID-19 ចំនួន ៣នាក់ ដែលបានជាសះស្បើយពីជំងឺឡើងវិញ និងកំពុងនៅដាច់ដោយឡែកតាមផ្ទះរៀងៗខ្លួនបន្ថែមទៀតទៅហើយនោះ បានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 សារជាថ្មីម្តងទៀត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoitre News នៅថ្ងៃច័ន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១។ គណៈកម្មាធិការការពារ និងត្រួតពិនិត្យជំងឺ COVID-19 បាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកជំងឺទាំង ៣នាក់ គឺជាអ្នករស់នៅក្នុងស្រុកលួងថៃ ខេត្តបាក់ណាញ និងបានតេស្ដវិជ្ជមានឡើងវិញនៅថ្ងៃទី២៥ ខែមីនា ថ្មីៗនេះ។

ប្រភពព័ត៌មានបាននិយាយថា ពួកគាត់ទាំង ៣នាក់ ក្នុងម្នាក់ៗបានតេស្ដអវិជ្ជមានជាមួយជំងឺ COVID-19 រហូតដល់ទៅ ៣ ដងរួចមកហើយ ទើបបានជាគេសម្រេចឱ្យត្រឡប់ទៅផ្ទះវិញ ប៉ុន្តែយ៉ាងណានៅពេលទៅដល់ផ្ទះវិញ គឺពួកគាត់ត្រូវតែនៅដាច់ពីគេរយៈពេល ១៤ថ្ងៃ បន្ថែមទៀត។ ដូច្នេះនៅក្នុងអំឡុងពេលនៅដាច់ដោយឡែកនៅផ្ទះ ជាមួយនឹងការតាមដានបន្ថែមរបស់បុគ្គលិកពេទ្យ ទើបគេបានរកឃើញថា ពួកគាត់បានវិជ្ជមានជាមួយជំងឺ COVID-19 ម្ដងទៀត។

ហេតុការណ៍នេះក៏អាចជាមេរៀនមួយផងដែរ ព្រោះថាប្រសិនបើពួកគាត់មិនស្ដាប់តាមការណែនាំឱ្យធ្វើការនៅដាច់ដោយឡែកពីគេ ១៤ថ្ងៃ បន្ថែមក្រោយពេលចេញពីកន្លែងព្យាបាលនោះទេ, ពួកគាត់ប្រហែលជានឹងអាចក្លាយជាភ្នាក់ងារចម្លងនៅក្នុងសហគមន៍សារជាថ្មី ដោយការអាងថា ធ្លាប់បានតេស្ដអវិជ្ជមានប៉ុន្មានដងរួចទៅហើយនោះ។ ជម្រាបដែរថា ប្រទេសវៀតណាមគិតមកទល់ពេលនេះមានអ្នកជំងឺ COVID-19 សរុបចំនួន ២,៥៩១នាក់ និងមានអ្នកជំងឺ ២,៣០៨ នាក់ បានជាសះស្បើយរួចហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ Tuoitre News

Share This Post: