ប្រទេសថៃបិទមិនឱ្យពលរដ្ឋមីយ៉ាន់ម៉ាប្រមាណជា ២,០០០នាក់ ដែលព្យាយាមភៀសចេញពីពួកយោធាចូលមកកាន់ប្រទេសខ្លួនថែមទៀតទេ
- BY
- autoadmin
- March 30, 2021
ប្រទេសថៃត្រូវបានគេរាយការណ៍ថា បានរារាំងពលរដ្ឋមីយ៉ាន់ម៉ាប្រមាណជា ២,០០០ នាក់ ដែលព្យាយាមភៀសខ្លួនពីការវាយប្រហារតាមអាកាសរបស់ពួកយោធា មិនឱ្យចូលមកកាន់ប្រទេសថៃបន្ថែមទៀតទេ ដែលធ្វើឱ្យពលរដ្ឋទាំងនោះត្រូវបង្ខំចិត្តចូលទៅលាក់ខ្លួននៅក្នុងព្រៃវិញ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ គួររំលឹកជូនដែរថា នាពេលថ្មីៗនេះមានពលរដ្ឋមីយ៉ាន់ម៉ាប្រមាណ ៣,០០០ នាក់រួចមកហើយ ដែលបានរត់ទៅប្រទេសថៃដើម្បីភៀសខ្លួនពីភាពសាហាវឃោរឃៅនៅមីយ៉ាន់ម៉ា បន្ទាប់ពីរបបយោធាបានបញ្ជាឱ្យមានការវាយប្រហារពីលើអាកាសនៅរដ្ឋ Karen ។

យោធាមីយ៉ាន់ម៉ាបានវាយប្រហារតាមអាកាសទៅកាន់តំបន់ក្បែរព្រំដែន ភូមា-ថៃ នៅក្នុងរដ្ឋ Karen នៅអំឡុងពេលអធ្រាត្រថ្ងៃសៅរ៍ ហើយអ្នកនៅទីនោះនិយាយថា វាគឺជាការវាយប្រហារដ៏គួរឱ្យខ្លាចដំបូងបំផុតក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។ វាមិនប្រាកដថា មូលហេតុអ្វីបានជាពួកយោធាធ្វើដាក់ពលរដ្ឋនៅឯរដ្ឋ Karen ដល់ថ្នាក់នេះទេ ប៉ុន្តែរបាយការណ៍ដំបូងបាននិយាយថា នៅទីនោះត្រូវបានគ្រប់គ្រងដោយជនជាតិប្រដាប់ដោយអាវុធ។ គិតមកទល់ពេលនេះការខូចខាតក្នុងទំហំប៉ុនណានៅមិនទាន់ត្រូវបានកត់ត្រានោះទេ ប៉ុន្តែយ៉ាងហោចណាស់មានមនុស្ស ១០នាក់ បានស្លាប់នៅក្នុងហេតុការណ៍យ៉ាងរន្ធមួយនោះ៕



អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






