អន្តរជាតិ

កោះតៃវ៉ាន់កំពុងចេញដីកាតាមចាប់ខ្លួនអ្នកនៅពីក្រោយគ្រោះថ្នាក់រថភ្លើង ដែលបានបណ្ដាលឱ្យមនុស្សយ៉ាងតិចណាស់ ៥០នាក់បាត់បង់ជីវិត

BY
autoadmin
April 3, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា រដ្ឋអាជ្ញាកោះតៃវ៉ាន់កំពុងដាក់ដីកាតាមចាប់ខ្លួនអ្នកគ្រប់គ្រងការដ្ឋានសំណង់ម្នាក់ ដែលត្រូវបានគេជឿថា ជាអ្នកបង្កឱ្យមានគ្រោះថ្នាក់រថភ្លើង ដែលបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច ៥០នាក់ កាលពីថ្ងៃសុក្រម្សិលមិញនេះ។ គ្រោះថ្នាក់នោះត្រូវបានគេចាត់ទុកថា ជាគ្រោះថ្នាក់ផ្លូវដែកដ៏អាក្រក់បំផុតក្នុងរយៈពេល ៧ ទសវត្សរ៍ របស់កោះតៃវ៉ាន់ ហើយមូលហេតុនៃគ្រោះថ្នាក់នោះ គឺដោយសារគ្រឿងចក្រ​មួយ​គ្រឿង​បាន​ចតចោល​មិន​ត្រឹមត្រូវ ហើយក៏បានរអិលធ្លាក់លើផ្លូវរបស់រថភ្លើង ដូច្នេះរដ្ឋអាជ្ញាបានចេញដីកាតាមចាប់ខ្លួនអ្នកគ្រប់គ្រងការដ្ឋានម្នាក់នោះ ដោយបានដាក់ការសង្ស័យថា គ្រឿងចក្រនោះអាចនឹងដាច់ហ្វ្រាំង ឬគ្មានការពិនិត្យឱ្យបានត្រឹមត្រូវ។

គួរឱ្យដឹងដែរថា រថភ្លើងនោះបានដឹកមនុស្សជិត ៥០០ នាក់ ធ្វើដំណើរពីរដ្ឋធានីតៃប៉ិទៅក្រុង Taitung នៅឆ្នេរសមុទ្រខាងកើត ហើយវាបានក្រឡាប់នៅចំណុចផ្លូវរូងក្រោមដីមួយនៅភាគខាងជើងនៃទីក្រុង Hualien ។ ក្រុមអ្នកជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុភ្លាម និងបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យក្នុងតំបន់។ ប្រធានាធិបតីលោកស្រី Tsai Ing-wen ក៏នឹងទៅដល់ទីក្រុង Hualien នៅថ្ងៃសៅរ៍នេះ ដើម្បីទៅជួបអ្នកដែលបាននៅរស់រានមានជីវិត ហើយរដ្ឋាភិបាលបានប្រកាសផងដែរថា នឹងមានការបង្ហូតទង់ជាតិតែពាក់កណ្ដាលដងរយៈពេល ៣ថ្ងៃ ដើម្បីជាការកាន់ទុក្ខពលរដ្ឋដែលបានស្លាប់នៅក្នុងហេតុការណ៍ដ៏សោកសៅនោះ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: