ក្ដីស្រមៃរបស់ Courtois ក្នុងការផ្ទេរទៅកាន់ Real Madrid ក្លាយជាការពិតហើយ
- August 9, 2018
ក្លឹបតោខៀវ Chelsea បានបញ្ជាក់ពីការលក់អ្នកចាំទី Thibaut Courtois ទៅឲ្យក្លឹបអធិរាជសរ Real Madrid ជាផ្លូវការនៅក្នុងតម្លៃផ្ទេរ 35លានផោន កាលពីរាត្រីម្សិលមិញនេះ។

អ្នកចាំទី Thibaut Courtois បានចាកចេញពីក្លឹបតោខៀវ Chelsea ទៅកាន់ក្លឹបអធិរាជសរ Real Madrid កាលពីរាត្រីម្សិលមិញនៅក្នុងតម្លៃផ្ទេរ 35 លានផោន ជាផ្លូវការជាមួយនឹងការចុះហត្ថលេខាលើកុងត្រារយៈពេល 5 ឆ្នាំជាមួយនឹងក្លឹបអធិរាជសរ Real Madrid។ អ្នកចាំទីសញ្ជាតិប៊ែលហ្ស៊ិករូបនេះបានចូលរួមលេងឲ្យក្លឹបតោខៀវ Chelsea តាំងពីឆ្នាំ 2014 មកម្លេះដោយ Courtois បានដណ្ដើមបានអាវលេខ 1 របស់ Petr Cech និងដណ្ដើមបានដំណែងដៃទី 1 នៅ Chelsea ដែលជាហេតុកាលនោះបានធ្វើឲ្យ Petr Cech សម្រេចចិត្តចាកចេញពីក្លឹបតោខៀវ Chelsea ដោយសារតែវត្តមានរបស់ Courtois។
ការដែលឈានទៅដល់ការផ្ទេរអ្នកចាំទី Thibaut Courtois ទៅកាន់ក្លឹបអធិរាជសរ Real Madrid នោះក្លឹបតោខៀវ Chelsea និង Real Madrid បានព្រមព្រៀងគ្នាលើលក្ខខ័ណ្ឌមួយដោយ Real Madrid ព្រមឲ្យខ្សែបម្រើ Kovacic មកកាន់ក្លឹបតោខៀវ Chelsea ក្នុងលក្ខខ័ណ្ឌខ្ចីជើងរយៈពេល 1 ឆ្នាំ។
ពេលនេះអ្នកចាំទី Thibaut Courtois កំពុងនៅឯទឹកដី Santiago Bernabeu ដើម្បីត្រៀមពិនិត្យសុខភាពនៅថ្ងៃនេះ ខណៈដែល Courtois ត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញខ្លួនឲ្យ Real Madrid នៅក្នុងរដូវកាលថ្មីខាងមុខនេះ។
គួរបញ្ជាក់ដែរថាអ្នកចាំទី Thibaut Courtois បានបង្ហាញខ្លួនឲ្យក្លឹបតោខៀវ Chelsea បានចំនួន 154 ប្រកួតនិងឈ្នះពានរង្វាន់ Premier League ជាមួយនឹង Chelsea បាន 2 សម័យកាលនិងឈ្នះពានរង្វាន់ក្នុងស្រុកជាមួយនឹង Chelsea បានចំនួន 2 ដង។

បុត្រ
ប្រភព៖ Goal
- Share This Post:






