ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយដែលអាចឱ្យគាត់កាន់តំណែងរហូតដល់ឆ្នាំ២០៣៦
- BY
- autoadmin
- April 6, 2021
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីល្ងាចថ្ងៃច័ន្ទម្សិលមិញនេះ បានចុះហត្ថលេខាលើច្បាប់ថ្មីមួយ ដែលអាចឱ្យគាត់កាន់អំណាចរហូតដល់ឆ្នាំ២០៣៦ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Deutsche Welle ។ បើយោងតាមរដ្ឋធម្មនុញ្ញកាលពីមុន ប្រធានាធិបតីវ័យ ៦៨ឆ្នាំ ដែលបានកាន់អំណាចអស់រយៈពេលជាងពីរទសវត្សរ៍រូបនេះ នឹងត្រូវចុះចេញពីតំណែងនៅឆ្នាំ២០២៤ នៅពេលដែលអាណត្តិទី២ (ឈ្នះ២អាណត្តិជាប់គ្នា) របស់គាត់ត្រូវបានបញ្ចប់។ ប៉ុន្តែយ៉ាងណាពេលនេះគាត់អាចបន្ដ ២អាណត្តិ បន្ថែមទៀតបាន ហើយការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះត្រូវបានអនុម័តដោយការធ្វើប្រជាមតិកាលពីឆ្នាំមុន។

គួរឱ្យដឹងដែរថា ក្នុងមួយអាណត្តិរបស់ប្រធានាធិបតីរុស្ស៊ីគឺមានរយៈ ៦ឆ្នាំ ដូច្នេះវាមានន័យថា គាត់នឹងកាន់អំណាចច្រើនជាង ២០ឆ្នាំ ហើយទម្រាំតែផុតអាណត្តិនៅឆ្នាំ២០៣៦ គាត់នឹងមានអាយុ ៨៣ ឆ្នាំទៅហើយ។ ការធ្វើវិសោធនកម្មនេះតំណាងឱ្យការផ្លាស់ប្តូររដ្ឋធម្មនុញ្ញដ៏សំខាន់មួយ ហើយប្រសិនបើលោក ពូទីន ត្រូវបានគេជ្រើសរើសជាប្រធានាធិបតី ២ដង និងបម្រើការដល់ដំណាច់អាណត្តិទាំង២នោះមែន លោកនឹងក្លាយជាមេដឹកនាំដែលកាន់អំណាចយូរជាងគេបំផុតរបស់ប្រទេសរុស្ស៊ី ចាប់តាំងពីលោក Peter the Great ដែលបានកាន់អំណាចអស់រយៈពេល ៤២ ឆ្នាំ៕

អត្ថបទ៖ លីដា
ប្រភព៖ Deutsche Welle
- Share This Post:






