រដ្ឋមន្រ្តីដឹកជញ្ជូនរបស់កោះតៃវ៉ាន់នឹងចុះចេញពីតំណែង ដើម្បីបង្ហាញពីទំនួលខុសត្រូវចំពោះគ្រោះថ្នាក់រថភ្លើង ដែលបានឆក់យកជីវិតមនុស្ស ៥០នាក់ នាពេលថ្មីៗនេះ
- BY
- autoadmin
- April 6, 2021
រដ្ឋមន្រ្តីដឹកជញ្ជូនរបស់កោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យបាននិយាយថា លោកនឹងចុះចេញពីតំណែងដើម្បីបង្ហាញពីទំនួលខុសត្រូវចំពោះករណីគ្រោះថ្នាក់រថភ្លើង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥០នាក់ កាលពីពេលថ្មីៗនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើទំព័រហ្វេសប៊ុករបស់រដ្ឋមន្ត្រី Lin Chia-lung បាននិយាយថា លោកនឹងចុះចេញពីតំណែងនៅពេលដែលការងារជួយសង្គ្រោះដំបូងត្រូវបានបញ្ចប់ ហើយលោកបានបន្ថែមថា លោកនឹងទទួលខុសត្រូវយ៉ាងពេញទំហឹងលើបញ្ហានេះ។ លោកបានមានប្រសាសន៍ថា៖«ខ្ញុំគួរទទួលយករាល់ការរិះគន់ទាំងអស់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ យើងពិតជាមិនបានធ្វើវាបានល្អមែន»។

ចំណែកការិយាល័យរបស់លោកនាយករដ្ឋមន្រ្តី Su Tseng-chang បាននិយាយនៅមុនការប្រកាសនេះថា លោក Lin Chia-lung បានប្រាប់ពីការលាលែងពីតំណែងរបស់លោក ប៉ុន្តែនាពេលនេះឥឡូវនេះលោកនាយករដ្ឋមន្ត្រីបានច្រានចោលសំណើនោះសិន ដោយនិយាយថា កិច្ចខិតខំប្រឹងប្រែងសម្រាប់ពេលនេះគួរតែផ្តោតលើការជួយសង្គ្រោះ និងការស្តារឡើងវិញ។ គួររំលឹកឡើងវិញដែរថា គ្រោះថ្នាក់រថភ្លើងនោះបានកើតឡើងកាលពីថ្ងៃសុក្រ នៅពេលដែលរថភ្លើងដឹកមនុស្ស ៥០០នាក់ មួយគ្រឿង ត្រូវបានគ្រឿងចក្រដែលចតចោលមួយផ្សេងទៀតរអិលទៅលើផ្លូវរបស់រថភ្លើង ដែលបណ្ដាលឱ្យមានមនុស្ស ៥០នាក់ បានស្លាប់ ហើយវាត្រូវបានគេចាត់ទុកថា ជាគ្រោះថ្នាក់រថភ្លើងដ៏អាក្រក់បំផុតនៅ ៧ ទសវត្សរ៍កន្លងមកនេះ៕




អត្ថបទ៖ លីដា
ប្រភព៖ Aljazeera
- Share This Post:






