លោក គីម ជុងអ៊ុន ប្រាប់ឱ្យប្រជាជនត្រៀមខ្លួនប្រឈមនឹងវិបត្តិសេដ្ឋកិច្ចនិងកង្វះស្បៀងអាហារ ដែលប្រទេសរបស់លោកអាចនឹងត្រូវប្រឈមមុខ
- BY
- autoadmin
- April 9, 2021
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជំរុញឱ្យពលរដ្ឋត្រៀមខ្លួនរួចជាស្រេច សម្រាប់វិបតិ្តដ៏លំបាកនាពេលខាងមុខនេះ បន្ទាប់ពីក្រុមសិទ្ធិមនុស្សបានព្រមានថា ប្រទេសនេះអាចប្រឈមនឹងកង្វះខាតស្បៀងអាហារធ្ងន់ធ្ងរ ហើយសេដ្ឋកិច្ចក៏ប្រឈមនឹងអស្ថេភាព។ ថ្លែងក្នុងសន្និសីទមួយនៅឯការិយាល័យរបស់គណបក្សពលករកូរ៉េ លោក គីម បានប្រៀបធៀបស្ថានភាពនោះទៅនឹងភាពអត់ឃ្លានដ៏សាហាវមួយនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលឆ្នាំនោះគឺជាការដួលរលំនៃសហភាពសូវៀត ធ្វើឱ្យកូរ៉េខាងជើងមិនអាចទទួលបានជំនួយដែលចាំបាច់ ហើយជាលទ្ធផលវាបានសម្លាប់មនុស្សប្រមាណ ៣លាននាក់ ដោយសារតែភាពអត់ឃ្លាន។

សព្វថ្ងៃប្រទេសកូរ៉េខាងជើងបានបិទព្រំដែនទាំងគ្រប់ច្រក ដើម្បីទប់ស្កាត់ការចម្លងនៃជំងឺ COVID-19 ដែលសូម្បីតែជំនួញជាមួយប្រទេសចិនជាឆ្អឹងខ្នងរបស់ប្រទេសទាំងមូល ក៏ត្រូវទទួលរងនូវភាពជាប់គាំងមិនអាចដំណើរការបាន។ នេះមិនទាន់និយាយដល់ការដាក់ទណ្ឌកម្មរបស់អន្តរជាតិមកលើកូរ៉េខាងជើង ដោយសារការបន្ដកម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់ពួកគេនោះទេ។ ដូច្នេះគឺវាមិនចម្លែកនោះទេដែលកូរ៉េខាងជើងនឹងប្រឈមទាំងវិបត្តិសេដ្ឋកិច្ច និងកង្វះស្បៀងអាហារនាពេលខាងមុខ ប្រសិនបើជំងឺ COVID-19 នៅតែមិនធូរស្រាល ហើយប្រទេសនេះនៅតែមិនអាចបើកទ្វារសេដ្ឋកិច្ចឡើងវិញបាន៕

អត្ថបទ៖ លីដា
ប្រភព៖ Yahoo News
- Share This Post:






