អន្តរជាតិ

រដ្ឋាភិបាលនៃប្រទេសសាំង​វីនសេនបានប្រកាសអាសន្នភ្លើងក្រហម ហើយធ្វើការជម្លៀងពលរដ្ឋជាបន្ទាន់ ដោយសារភ្នំភ្លើងរបស់កោះកំពុងបង្ហាញសញ្ញាចង់ផ្ទុះឡើង

BY
autoadmin
April 9, 2021

រដ្ឋាភិបាលរបស់ប្រទេសសាំង​វីនសេននិង​ឌឹ​ហ្គ្រីណាឌីនីស​ (Saint Vincent and the Grenadines) បានប្រកាសអាសន្នភ្លើងក្រហមភ្លាមៗ ហើយបានចេញបទបញ្ជាឱ្យមានការជម្លៀសពលរដ្ឋជាបន្ទាន់ បន្ទាប់ពីអ្នកជំនាញផ្នែករញ្ជួយដីបានព្រមានថា ភ្នំភ្លើង La Soufrière កំពុងបង្ហាញសញ្ញាថានឹងមានការផ្ទុះឡើង។ នាយករដ្ឋមន្រ្តីគឺលោក Ralph Gonsalves បានចេញបទបញ្ជានេះកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានសកម្មភាពរញ្ជួយដីកើនឡើងជាច្រើនថ្ងៃ ខណៈអង្គការគ្រប់គ្រងគ្រោះអាសន្នជាតិរបស់ប្រទេសបាននិយាយនៅលើ Twitter ថាមានសញ្ញានៃគ្រោះមហន្តរាយគួរឱ្យកត់សម្គាល់ ហើយបានព្រមានអ្នកស្រុកត្រៀមខ្លួនចំពោះគ្រោះធម្មជាតិនេះ។

អង្គការគ្រប់គ្រងគ្រោះអាសន្នជាតិបាននិយាយថា នាវាទេសចរណ៍មួយមកពីក្រុមហ៊ុន Royal Caribbean កំពុងធ្វើដំណើរទៅកាន់កោះនេះ ដើម្បីជួយដល់រដ្ឋាភិបាលនៅក្នុងការជម្លៀសពលរដ្ឋ។ អង្គការនិយាយថា វាបានបញ្ជាក់ពីការរញ្ជួយដីទាក់ទិននឹងភ្នំភ្លើងចំនួន ៦លើក ដែលត្រូវបានគេជឿថា មានជាប់ទាក់ទងនឹងចលនាម៉ាកម៉ា (magma) ដែលនៅជិតផ្ទៃខាងលើ ហើយវានឹងមានហានិភ័យនៃការផ្ទុះឡើង។ អ្នកជំនាញនៅអង្គការនោះបានប្រាប់អ្នកយកព័ត៌មានថា ការផ្ទុះបែបនេះអាចកើតឡើងក្នុងរយៈពេលជាច្រើនថ្ងៃ ឬច្រើនម៉ោង ដូច្នេះហើយវាត្រូវតែមានការជម្លៀសពលរដ្ឋចេញពីទីនោះឱ្យបានឆាប់បំផុត៕

អត្ថបទ៖ លីដា
ប្រភព៖ The Guardian

Share This Post: