យោធាមីយ៉ាន់ម៉ាបាននិយាយថា ខ្លួនប្រើការអត់ធ្មត់ខ្លាំងណាស់ជាមួយហ្វូងបាតុករ បើមិនដូច្នេះទេនឹងមានមនុស្សស្លាប់ ៥០០នាក់ ក្នុងមួយម៉ោង
- BY
- autoadmin
- April 10, 2021
យោធាមីយ៉ាន់ម៉ាបានអះអាងថា ខ្លួនបានប្រើការអត់ធ្មត់ខ្លាំងណាស់នៅពេលដាក់កម្លាំងរបស់ខ្លួន ដើម្បីបង្ក្រាបនឹងក្រុមបាតុករដែលប្រឆាំងនឹងរដ្ឋប្រហារ ហើយបានបញ្ជាក់ផងដែរថា បើមិនដូច្នេះទេម៉្លេះនឹងមានការស្លាប់ច្រើនជាងនេះទៀត។ ការលើកឡើងបែបនេះគឺបន្ទាប់ពីក្រុមសិទ្ធិមនុស្សក្នុងតំបន់បានរាយកាណ៍ថា ក្នុងរយៈពេលជាង ២ខែ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ កន្លងមកនេះ មានមនុស្សយ៉ាងហោចណាស់ ៦១៨នាក់ ត្រូវបានសម្លាប់ដោយកម្លាំងសន្តិសុខ នៅក្នុងការតវ៉ាទូទាំងប្រទេសដែលប្រឆាំងនឹងរបបផ្ដាច់ការរបស់ពួកយោធា។

អ្នកនាំពាក្យយោធាម្នាក់បាននិយាយកាលពីថ្ងៃសុក្រថា ប្រសិនបើពួកគេមិនចេះអត់ធ្មត់ទេនោះ វាអាចនឹងមានមនុស្សស្លាប់ ៥០០ នាក់ ក្នុងមួយម៉ោង ដោយសារក្នុងដៃអាជ្ញាធរបានប្រើអាវុធស្វ័យប្រវត្តិ។ នៅថ្ងៃដដែលនោះផងដែរ ក៏មានការរាយការណ៍អំពីការស្លាបចំនួន ១០នាក់ បន្ថែមទៀត នៅពេលដែលពួកសន្ដិសុខបានបើកការបាញ់បោះតាមទំនើងចិត្តមកលើជនស៊ីវិល។
ឥឡូវនេះលោកស្រី Christine Schraner Burgener ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំនៅប្រទេសមីយ៉ាន់ម៉ា ក៏បានទៅដល់ប្រទេសថៃដែលនៅជិតខាងកាលពីថ្ងៃសុក្រម្សិលមិញនេះ ហើយលោកស្រីគ្រោងនឹងជួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសថៃលោក Don Pramudwinai ហើយលោកស្រីរំពឹងថា នឹងអាចអំពាវនាវដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឱ្យជួយបញ្ឈប់ការបង្ក្រាបនៅប្រទេសមីយ៉ាន់ម៉ា៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






