ប្រទេសចិនកំពុងពិចារណាលាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩បញ្ចូលគ្នា ដើម្បីបង្កើនប្រសិទ្ធភាពរបស់វ៉ាក់សាំង
- BY
- autoadmin
- April 12, 2021
លោក Gao Fu មន្ត្រីជាន់ខ្ពស់មកពីមណ្ឌលគ្រប់គ្រងជំងឺ (CDC) របស់ចិនបាននិយាយថា ប្រទេសចិនកំពុងពិចារណាក្នុងការលាយវ៉ាក់សាំងបង្ការជំងឺ COVID-19 បញ្ចូលគ្នាជាផ្លូវការ ដែលនេះជាមធ្យោបាយមួយដើម្បីបង្កើនប្រសិទ្ធភាពនៃវ៉ាក់សាំង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ ជាក់ស្ដែងនាពេលកន្លងមក ទិន្នន័យរបស់វ៉ាក់សាំងដែលចិនបានបង្កើតឡើងបានបង្ហាញថា វ៉ាក់សាំងរបស់ពួកគេគឺមានកម្រិតប្រសិទ្ធភាពទាបជាងវ៉ាក់សាំងដទៃទៀត រួមមាន៖ Pfizer និង Moderna ប៉ុន្តែវ៉ាក់សាំងរបស់ចិនគឺងាយស្រួលក្នុងការទុកដាក់ជាង ដោយសារថាវាមិនចាំបាច់ត្រូវការសីតុណ្ហាភាពត្រជាក់ខ្លាំងនោះទេ។

លោក Gao Fu ប្រធាន CDC បានប្រាប់សន្និសីទមួយនៅទីក្រុង Chengdu កាលពីថ្ងៃសៅរ៍ថា វ៉ាក់សាំងចិនដែលមានបច្ចុប្បន្នមិនមានអត្រាការការពារខ្ពស់ទេ ដូច្នេះការប្រើថ្នាំវ៉ាក់សាំងនៃខ្សែបច្ចេកទេសផ្សេងៗគ្នាកំពុងត្រូវបានពិចារណា។ លោកបាននិយាយថា ការចាត់វិធានការដើម្បីបង្កើនប្រសិទ្ធភាពវ៉ាក់សាំង រួមមានការផ្លាស់ប្តូរចំនួនដូស និងរយៈពេលរវាងកម្រិតដូសគឺជាដំណោះស្រាយដ៏ល្អចំពោះប្រសិទ្ធភាព។ ការពិតទៅវ៉ាក់សាំងរបស់ប្រទេសចិនដែលត្រូវបានអនុម័តទាំងអស់ គឺមានប្រសិទ្ធភាពសមល្មមអាចប្រើប្រាស់ទូទៅបាន ប៉ុន្តែពួកគេចង់បង្កើនកិច្ចខិតខំប្រឹងប្រែងលើប្រសិទ្ធភាពរបស់វ៉ាក់សាំងបន្ថែមទៀត។
ជាក់ស្ដែងវ៉ាក់សាំងបង្ការជំងឺ COVID-19 បង្កើតដោយ Sinovac មានអត្រាប្រសិទ្ធភាពខ្ពស់ជាង ៥០% ក្នុងការសាកល្បងនៅប្រទេសប្រេស៊ីល ខណៈការសិក្សាដាច់ដោយឡែកនៅប្រទេសទួរគីបង្ហាញថា វាមានប្រសិទ្ធភាព ៨៣.៥%។ ចំណែកវ៉ាក់សាំងរបស់ Sinopharm ថ្វីបើមិនចេញទិន្នន័យជាសាធារណៈ ប៉ុន្តែវាបាននិយាយថា វ៉ាក់សាំង ២ ដែលខ្លួនបង្កើតគឺមានប្រសិទ្ធភាព ៧៩.៤% និង ៧២.៥% ផ្អែកលើលទ្ធផលបណ្តោះអាសន្ន។ យ៉ាងណាក៏ដោយវ៉ាក់សាំងរបស់ក្រុមហ៊ុនទាំង ២ គឺសុទ្ធតែមានកម្រិតប្រសិទ្ធភាពស្របតាមតម្រូវការរបស់អង្គការសុខភាពពិភពលោកទាំងអស់៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






