អង្គការសហប្រជាជាតិនិយាយថា គិតមកទល់ពេលនេះមានពលរដ្ឋមីយ៉ាន់ម៉ា ២៥ម៉ឺននាក់ បានផ្លាស់ទីលំនៅគេចពីការបង្ក្រាបរបស់ពួកយោធា
- BY
- autoadmin
- April 22, 2021
ប្រេសិតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា ការបង្ក្រាបរបស់ពួកយោធាមកលើក្រុមបាតុករដែលប្រឆាំងនឹងរដ្ឋប្រហារ បានធ្វើឱ្យពលរដ្ឋរាប់ប្រមាណ ២៥០,០០០នាក់ ធ្វើការផ្លាស់ទីលំនៅទៅតំបន់ផ្សេង ឆ្លងតាមព្រំដែនទៅប្រទេសថៃ ឬរត់ទៅលាក់ខ្លួនក្នុងព្រៃជាដើម។ ហើយយោងតាមក្រុមឃ្លាំមើលក្នុងតំបន់បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៧៣៨ នាក់ ត្រូវបានគេសម្លាប់ និង ៣,៣០០ នាក់ កំពុងជាប់ពន្ធនាគារក្នុងនាមជាអ្នកទោសនយោបាយ។ ពោលគឺចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុងសាន ស៊ូជី ការតវ៉ាទាំងធំទាំងតូចបានធ្វើឡើងជាបន្តបន្ទាប់ ខណៈដែលពួកយោធាបានបង្កើនកម្លាំងបាយ និងធ្វើការចាប់ខ្លួនពលរដ្ឋតាមអំពើចិត្ត។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាលោក Tom Andrews បាននិយាយថា៖«វាគួរឱ្យខ្លាចណាស់នៅពេលដែលដឹងថា ការវាយប្រហាររបស់យោធាបានធ្វើឱ្យប្រជាជនមីយ៉ាន់ម៉ាជិត ១/៤ លាននាក់ ត្រូវផ្លាស់ទីលំនៅ»។ លោកបានបន្ថែមថា ពិភពលោកត្រូវតែចាត់វិធានការភ្លាមៗដើម្បីដោះស្រាយគ្រោះមហន្តរាយមនុស្សធម៌នេះ។ គួរឱ្យដឹងដែរថា គិតមកទល់ពេលនេះ គិតត្រឹមតែនៅរដ្ឋ Karen ក្បែរព្រំដែនថៃ-ភូមាតែមួយ មានមនុស្សជាង ២,០០០ នាក់ បានឆ្លងព្រំដែនចូលទៅក្នុងប្រទេសថៃ ហើយមនុស្សរាប់ពាន់នាក់ទៀតបានភៀសខ្លួនទៅរស់នៅក្នុងតំបន់ផ្សេងៗ ខណៈអ្នកខ្លះបានចូលលាក់ខ្លួននៅក្នុងព្រៃក្បែរភូមិរបស់ពួកគេយ៉ាងគួរឱ្យអាសូរ៕



អត្ថបទ៖ លីដា
ប្រភព៖ Aljazeera
- Share This Post:






