ទុក្ខជាន់ទុក្ខ! ជំងឺកូវីដ១៩កំពុងតែរាតត្បាតយ៉ាងខ្លាំងផង ឥឡូវឥណ្ឌាមកជួបហេតុការណ៍ធ្លាយអុកស៊ីសែនទៀត ធ្វើឱ្យមនុស្ស ២២ នាក់បាត់បង់ជីវិត
- BY
- autoadmin
- April 22, 2021
យ៉ាងហោចណាស់មានមនុស្សចំនួន ២២ នាក់បានស្លាប់ បន្ទាប់ពីមានហេតុការណ៍លេចធ្លាយស៊ីឡាំងអុកស៊ីសែនសម្រាប់ផ្គត់ផ្គង់អ្នកជំងឺ COVID-19 នៅឯមន្ទីរពេទ្យមួយនៅក្រុង Nashik រដ្ឋ Maharashtra ភាគខាងលិចនៃប្រទេសឥណ្ឌា។ រំលឹកជូនផងដែរថា ប្រទេសឥណ្ឌាកំពុងប្រឈមមុខនឹងរលកទី២ នៃជំងឺ COVID-19 ជាមួយនឹងករណីថ្មីៗរាប់សិបម៉ឺននាក់ ហើយជាក់ស្ដែងកាលពីថ្ងៃពុធម្សិលមិញនេះ គឺមានអ្នកជំងឺថ្មីចំនួន ២៩៥,០០០ នាក់ និងមានអ្នកស្លាប់ចំនួន ២,០០០ នាក់ ត្រូវបានបញ្ជាក់ដោយរដ្ឋាភិបាល។ ស្ថានភាពបែបនេះបានធ្វើឱ្យនៅតាមមន្ទីរពេទ្យពេញដោយអ្នកជំងឺ COVID-19 ដែលបណ្ដាលឱ្យមានការខ្វះខាតអុកស៊ីសែនសម្រាប់អ្នកជំងឺ។

អ្វីដែលគួរឱ្យសង្វេគចិត្តជាងនេះគឺអ្នកដែលបានស្លាប់ខ្លះ គឺជាអ្នកជំងឺ COVID-19 ធ្ងន់ធ្ងរដែលកំពុងប្រើប្រាស់ស៊ីឡាំងអុកស៊ីសែន សម្រាប់ជំនួយការដកដង្ហើមរបស់ពួកគេផ្ទាល់តែម្ដង។ ប្រភពបាននិយាយថា ស៊ីឡាំងបានលេចធ្លាយនៅពេលកំពុងបញ្ចូលអុកស៊ីសែនបំពេញបន្ថែម ប៉ុន្តែដំណើរដើមទងយ៉ាងណានៅមិនទាន់មានការបញ្ជាក់ឱ្យបានច្បាស់ទេ។ សព្វថ្ងៃនេះឥណ្ឌាមិនមែនប្រឈមមុខជាមួយតែជំងឺ COVID-19, កង្វះស៊ីឡាំងអុកស៊ីសែន ឬជួបហេតុការណ៍ដ៏គួរឱ្យសង្វេគនេះទេ ពោលគឺការលួចយកស៊ីឡាំងអុកស៊ីសែនក៏មានច្រើនដែរ ដែលតម្រូវឱ្យប៉ូលីសបង្កើនការការពារឱ្យបានខ្ពស់រាល់ស៊ីឡាំងអុកស៊ីសែនទាំងអស់ ដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យ ឬទីតាំងព្យាបាលជំងឺ COVID-19 ណាមួយ៕



អត្ថបទ៖ លីដា
ប្រភព៖ RT
- Share This Post:






