អន្តរជាតិ

នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga គ្រោងប្រកាសដាក់ទីក្រុងតូក្យូក្នុងភាពអាសន្នជាថ្មីម្ដងទៀត

BY
autoadmin
April 23, 2021

នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានកំណត់យកថ្ងៃសុក្រនេះ សម្រាប់ប្រកាសពីការដាក់ភាពអាសន្ននៅក្នុងទីក្រុងតូក្យូ និងអាណាខេត្តខាងលិចចំនួន ៣ គឺអូសាកា ក្យូតូ និងហ្យូហ្គោ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ក្នុងឱកាសវិស្សមកាលសប្តាហ៍មាសនាពេលខាងមុខនេះ។ ការរឹតត្បឹតនេះនឹងតម្រូវឱ្យហាងគ្រឿងស្រវឹងត្រូវបិទជាបណ្តោះអាសន្ន ហើយការបិទកន្លែងពាណិជ្ជកម្មសំខាន់ៗត្រូវបានគេរំពឹងថា នឹងមានចាប់ពីថ្ងៃអាទិត្យរហូតដល់ថ្ងៃទី១១ ខែឧសភា។

ស្ថានភាពអាសន្ននេះនឹងគ្របដណ្តប់ប្រហែលមួយភាគបួននៃប្រជាជនជប៉ុនសរុប និងប្រហែលមួយភាគបីនៃសេដ្ឋកិច្ចរបស់ប្រទេស ខណៈត្រឹមតែ ៣ ខែទៀតប៉ុណ្ណោះ ជប៉ុននឹងត្រូវដល់ថ្ងៃបើកព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ។ លោក Yoshihide Suga គ្រោងនឹងបំពេញសេចក្តីសម្រេចចិត្តនៅឯកិច្ចប្រជុំក្រុមការងារជំងឺ COVID-19 នៅពេលល្ងាចនេះផ្ទាល់។ ក្នុងអំឡុងពេលនៃភាពអាសន្នព្រឹត្តិការណ៍ធំៗនឹងត្រូវហាមឃាត់មិនឱ្យមានអ្នកទស្សនា ខណៈដែលឡានក្រុង និងរថភ្លើងមួយចំនួនតូច នឹងដំណើរការនៅចុងសប្តាហ៍និងថ្ងៃឈប់សម្រាក នេះបើយោងតាមសេចក្តីព្រាងនៃផែនការរបស់រដ្ឋាភិបាល៕

អត្ថបទ៖ លីដា
ប្រភព៖ Kyodo News

Share This Post: