អន្តរជាតិ

សហរដ្ឋអាមេរិកសន្យានឹងផ្តល់ជំនួយបន្ទាន់ដល់ឥណ្ឌា ដើម្បីជួយក្នុងការដោះស្រាយវិបត្តិវេជ្ជសាស្ត្រដែលប្រទេសនេះកំពុងប្រឈមមុខ

BY
autoadmin
April 27, 2021

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី នៅថ្ងៃច័ន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១ (ម៉ោងនៅអាមេរិក) ដោយបានសន្យាថា លោកនឹងផ្តល់ជំនួយបន្ទាន់ដល់ប្រទេសឥណ្ឌា ដើម្បីជួយក្នុងការដោះស្រាយវិបត្តិវេជ្ជសាស្ត្រ ដែលបណ្តាលមកពីការកើនឡើងនៃករណីជំងឺ COVID-19 ។ នៅថ្ងៃដដែលនោះផ្ទាល់ ប្រទេសឥណ្ឌាក៏បានរាយការណ៍អំពីករណីថ្មីប្រមាណ ៣៥០,០០០ ករណី ដែលវាគឺជាថ្ងៃទី០៥ ជាប់ៗគ្នាមកហើយ ដែលប្រទេសឥណ្ឌាមានករណីច្រើនជាង ៣០០,០០០ ករណី។

សេតវិមានបាននិយាយថា លោកប្រធានាធិបតីសន្យាផ្តល់ជំនួយបន្ទាន់ជាច្រើនរួមមាន៖ ការផ្គត់ផ្គង់ទាក់ទងនឹងអុកស៊ីសែន សម្ភារៈវ៉ាក់សាំង និងជំនួយទាក់ទងការព្យាបាលផ្សេងៗ។ សហរដ្ឋអាមេរិកនឹងផ្តល់ប្រព័ន្ធបង្កើតអុកស៊ីសែនដល់ប្រទេសឥណ្ឌា (ដែលខ្លួនក៏ប្រើប្រាស់វានៅក្នុងវិស័យសុខាភិបាល) បំពង់ខ្យល់ ហើយអាចនឹងបញ្ជូនអ្នកជំនាញអនាម័យសាធារណៈទៅកាន់ប្រទេសឥណ្ឌាផងដែរ។ ចំណែកអង្គការសុខភាពពិភពលោក ក៏កំពុងប្រញាប់ប្រញាល់បញ្ជូនឧបករណ៍ដែលទាក់ទងនឹងអុកស៊ីសែនទៅប្រទេសឥណ្ឌា ហើយបានបង្កើតមន្ទីរពេទ្យចល័តដែលត្រៀមរួចជាស្រេចនៅទីនោះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: