ខ្មែរណូត

ស្វែងរក

  • PR

    មន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ផ្តល់ការវះកាត់ព្យាបាលជំងឺបេះដូងពីកំណើត​ដោយឥតគិតថ្លៃដល់កុមារកម្ពុជា ចំនួន ៧ នាក់ ក្តីសង្ឃឹមថ្មីសម្រាប់កុមារកម្ពុជាដើម្បីពួកគេទទួលបានភាពរីករាយក្នុងជីវិត

    BY Khmernote Media August 17, 2018
    មន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ផ្តល់ការវះកាត់ព្យាបាលជំងឺបេះដូងពីកំណើត​ដោយឥតគិតថ្លៃដល់កុមារកម្ពុជា ចំនួន ៧ នាក់ ក្តីសង្ឃឹមថ្មីសម្រាប់កុមារកម្ពុជាដើម្បីពួកគេទទួលបានភាពរីករាយក្នុងជីវិត

    រាជធានីភ្នំពេញ, ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៨: នៅថ្ងៃនេះ កុមារកម្ពុជា ចំនួន ៧ នាក់ ​បានទទួល​ការវះកាត់ព្យា​បាលជំងឺបេះដូងពីកំណើតដោយឥតគិតថ្លៃតាមរយៈគម្រោងសប្បុរស​ធម៌​ព្យា​បាល​ជំងឺ​បេះដូងនៅកម្ពុជា។
    មូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ និងមន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ រួម​ជាមួយនឹង​ស្ថានទូតព្រះរាជាណាចក្រថៃ​ប្រចាំ​នៅព្រះរាជាណាកម្ពុជា។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) មន្ទីរពេទ្យកាល់ម៉ែត ​និងក្រុមហ៊ុនអាកាសចរណ៍ថៃ អ៊ែរ អេស៊ា បានរៀបចំសន្និសីទសារព័ត៌មានស្តីពី គម្រោងសប្បុរសធម៌ព្យាបាលជំងឺបេះដូងនៅកម្ពុជា ដែលជាគម្រោងមួយ ត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រើប្រាស់​ជំនាញ​ឯក​ទេស​ និងធន​ធានផ្ទាល់របស់មន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ដើម្បីផ្តល់ការវះកាត់ព្យាបាលជំងឺបេះដូងពីកំណើតដោយឥតគិតថ្លៃជូនដល់កុមារក្នុង​ប្រទេសជិតខាង។
    ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ និងមន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ បានពង្រីកគម្រោងសប្បុរសធម៌មួយនេះ ដើម្បីជួយដល់កុមារនៅតាមបណ្តាប្រទេសជិតខាងជាច្រើនដូចជា៖ ប្រទេស មីយ៉ាន់ម៉ា និងវៀតណាមជាដើម ហើយឆ្នាំនេះ បានធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។ តាំងពីឆ្នាំ​២០០៣ គម្រោងមួយនេះបានជួយដល់អ្នកជំងឺបានជាង ៧៧៧នាក់ មក​ហើយ​ នៅប្រទេសថៃ ដើម្បី​ឲ្យ​ពួក​គេទទួលបានការព្យាបាល ហើយ​ធ្វើឲ្យពួកគេមាន​ជីវិត​ស្រស់​បំព្រងពោរពេញទៅដោយក្តី​សង្ឃឹមសារជាថ្មីឡើងវិញ។

    ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ជាច្រើនឆ្នាំកន្លងមកនេះ កម្ពុជាបានប្រែក្លាយ ពីទឹកដីមួយដ៏កំសត់ ពោរពេញទៅដោយបញ្ហា និងវិបត្ដឲ្យក្លាយទៅជាទឹកដីមួយដ៏សម្បួរបែប ប្រកបដោយភាពរីកចម្រើន និងមានសក្ដានុពលលើគ្រប់វិស័យ ក្រោមឥទ្ធិពលនៃសុខសន្ដិភាព ដែលបានផ្ដល់លទ្ធភាពឲ្យរាជរដ្ឋាភិបាល សម្រេចបាននូវគោលដៅសមិទ្ធផលធំៗ ជាច្រើន»។
    លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ក្នុងនោះផ្នែកដ៏ធំមួយ នៃវិស័យសុខាភិបាល គឺតាមរយៈការសម្រេច បាននូវគោលដៅកាត់បន្ថយអត្រាមរណៈភាព ដែលជាលទ្ធផលជាក់ស្ដែង អត្រាមរណៈភាពកុមារពី ១២៤ ក្នុង ១,០០០កំណើតរស់នាឆ្នាំ២០០០ មកនៅត្រឹម៤៥ នាឆ្នាំ២០១០ និង អត្រាមរណៈភាពមាតា បានធ្លាក់ពី៤៥០ នៅក្នុង១លានកំណើត នៅឆ្នាំ២០០០ មកនៅត្រឹម២០៦ នៅឆ្នាំ២០១០ និងបានថយចុះជាបន្ដបន្ទាប់។
    លោកបានបន្ថែមថា ស្ថិតិឆ្នាំ២០១៦ ប្រជាពលរដ្ឋដែលបានទទួល សេវាសុខាភិបាល (ពិនិត្យ និងព្យាបាលជំងឺ) នៅតាមមូលដ្ឋានសុខភិបាលសាធារណៈរបស់រដ្ឋ មានចំនួនជាង១០លានករណី ហើយអត្រាស្លាប់ មានចំនួន ទាប ឬ ថយចុះ ០,៨៥% ដែលនេះបានបង្ហាញពីកំណើន នៃការប្រើប្រាស់សេវាសុខាភិបាល​រដ្ឋ និងភាពកាន់តែប្រសើរឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ។ លើសពីនេះ ប្រេវ៉ាឡង់នៃគ្រប់ទម្រង់ជំងឺឆ្លង ជាច្រើនទៀត ក៏ត្រូវបានកាត់ បន្ថយគួរឲ្យកត់សម្គាល់។
    ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយចាំមួយចំនួន ដើម្បីបង្កើនការគិតគូរ និងយកចិត្ដទុកដាក់ ចំពោះសុខមាលភាពប្រជាពលរដ្ឋ នៅទូទាំង ប្រទេស និងការជំរុញលើកទឹកចិត្ត ឲ្យមានការចូលរួមរបស់វិស័យឯកជន អង្គការសមាគមនានា តាមរយៈកម្មវិធី និងសកម្មភាពមនុស្សធម៌ផ្សេងៗ ដើម្បីផ្ដល់សេវាថែទាំសុខភាព ឲ្យបានកាន់តែទូលំទូលាយ និងការចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រ នៅទូទាំងប្រទេសដោយឥតគិតថ្លៃផងដែរ។
    លោក ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា គម្រោងសប្បុរសធម៌ ព្យាបាលជំងឺបេះដូងនៅកម្ពុជា តាមរយៈមូលនិធិមន្ទីរពេទ្យបំរ៉ុងរ៉ាត់ និងមន្ទីរពេទ្យអន្ដរជាតិ បំរ៉ុងរ៉ាត់ គឺជាការចូលរួមចំណែកដ៏ធំធេងមួយផងដែរ ទោះបីជាយើងនៅប្រទេសខុសគ្នាក្ដី ប៉ុន្ដែទិសដៅរួមរបស់យើង គឺជួយប្រជាពលរដ្ឋ ដែលមានការលំបាក។

    លោកស្រី Napas Paorohitaya ​  តំណាងមូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ និងជានាយក​ផ្នែកទីផ្សារនៃមន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ បានលើកឡើងថា «គម្រោងដែលផ្តល់ការវះកាត់បេះដូងសម្រាប់កុមារដែលមានជំងឺសរសៃឈាមបេះដូងពីកំណើត ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងដើម្បីជួយកុមារ និងត្រូវការការវះកាត់បេះដូងពិតប្រាកដ បើមិនដូច្នេះទេពួកគេនឹងប្រឈមនឹងការស្លាប់មុនអាយុ ឬការលូតលាស់មិនប្រក្រតី។ការវះកាត់បេះដូងគឺជាការងារដ៏ចាំបាច់ និងស្មុគស្មាញដែលតម្រូវឱ្យមានអ្នកជំនាញផ្នែកវេជ្ជសាស្រ្តខ្ពស់ និងអ្នកឯកទេសខាងវេជ្ជសាស្ត្រដែលមានបទពិសោ​ធន៍។ លើសពីនេះទៀត ការវះកាត់មានតម្លៃខ្ពស់ ជាពិសេសសម្រាប់អ្នកជំងឺដែលត្រូវការជំនួយ។ នេះជាមូលហេតុដែលមូលនិធិមន្ទីរពេទ្យបំរ៉ុងរ៉ាត់ត្រូវបានបង្កើតឡើងដើម្បីធានាបានថា កុមារត្រូវបានព្យាបាលទាន់ពេលវេលាដោយកាត់បន្ថយផលវិបាក និងអត្រាមរណភាពស្របពេលដែលសុខភាពរបស់កុមារត្រូវបានលើកកម្ពស់។មូលនិធិមន្ទីរពេទ្យបំរ៉ុងរ៉ាត់ និងមន្ទីរពេទ្យបំរ៉ុងរ៉ាត់បានដាក់ដំណើរការគម្រោងនេះជាបន្តបន្ទាប់ដើម្បីជួយដល់ក្មេងៗតាំងពីឆ្នាំ ២០០៣ មកម្ល៉េះ។ រហូតមកដល់ពេលនេះ កុមារដែលមានជំងឺបេះដូងពីកំណើត ៧៧៧ នាក់នៅក្នុងប្រទេសថៃ បានទទួលការវះកាត់បេះដូងតាមរយៈគម្រោងនេះ។
    ក្នុងអំឡុងពេលប្រាំឆ្នាំកន្លងមកនេះ បន្ទាប់ពីគម្រោងនេះត្រូវបានបង្កើតឡើងបានយ៉ាងល្អនៅក្នុងប្រទេសថៃ ជំនួយត្រូវបានពង្រីកដល់បណ្តាប្រទេសជិតខាងដូចជា មីយ៉ាន់ម៉ា និងវៀតណាម។ ហើយនៅឆ្នាំនេះ ក្នុងឱកាសគម្រប់ខួប 38 ឆ្នាំនៃការបង្កើតមន្ទីរពេទ្យបំរ៉ុងរ៉ាត់ យើងបានប្តេជ្ញាបន្តផ្តល់ដំណោះស្រាយរបស់យើងដើម្បីលើកកម្ពស់សុខភាពសាធារណៈ។ ហើយដើម្បីបង្ហាញពីទំនាក់ទំនងដ៏កក់ក្តៅរវាងថៃ និងកម្ពុជាតាមរយៈកម្មវិធីសុខភាពសាធារណៈ យើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ជូនការវះកាត់បេះដូងដល់កុមារកម្ពុជា ចំនួន 5 នាក់ដែលមានជំងឺបេះដូងពីកំណើតដើម្បីវះកាត់ព្យាបាលនៅមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ក្នុងប្រទេសថៃ។ ការវះកាត់នេះនឹងត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃដែលអាចជួយសម្រួលដល់ស្ថានភាពលំបាករបស់មន្ទីរពេទ្យនៅកម្ពុជា។»


    ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «គម្រោងនេះ គឺជាបេសកកម្មដ៏ល្អឧត្តុង្គឧត្តមជាទីបំផុត។ គម្រោងនេះ មិនត្រឹមតែជួយ​សង្គ្រោះ​អាយុជីវិតក្មេងៗ ដែលមានជីវភាពក្រីក្រ និងអស់ក្តីសង្ឃឹមទាំងនេះប៉ុណ្ណោះទេ ថែមទាំងជាភស្តុតាង​បញ្ជាក់យ៉ាងច្បាស់ពីចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពដ៏រឹងមាំរវាងប្រទេសថៃ និងប្រទេសកម្ពុជាទៀតផងដែរ។ គម្រោងសប្បុរសធម៌ព្យាបាលជំងឺបេះដូងនេះ គឺស្តែងឲ្យឃើញពីភាពជាក់ច្បាស់​រវាង​”បេះដូង និង បេះដូង” ​ពោលគឺបញ្ជាក់ពីទឹកចិត្តរបស់ប្រទេសថៃមានចំពោះប្រទេស កម្ពុជា។»

    ក្រុមហ៊ុនអាកាសចរណ៍ ថៃ អ៊ែរ អេស៊ា បានលើកឡើងថា «យើង​ពិត​ជា​មានកិត្តិយសណាស់ដែលបានក្លាយជាផ្នែកមួយនៃគម្រោងដ៏អស្ចារ្យមួយនេះ និងបានជួយឧបត្ថម្ភគាំទ្រដល់កុមារដែលត្រូវការវះកាត់ជំងឺបេះដូង។ នៅចំពោះមុខ អ៊ែរ អេស៊ា នឹង​ជួយ​ដល់​អ្នក​ជំងឺដែលបានជ្រើសរើសរួច រួមនឹងក្រុមគ្រួសាររបស់ពួកគេ ឲ្យបានធ្វើដំណើរតាមយន្តហោះដោយឥតគិតថ្លៃទៅកាន់ប្រទេសថៃ ដើម្បីធ្វើការវះកាត់ព្យាបាលជំងឺបេះដូង។ នេះគឺ​ជា​តួនាទី​ដ៏​មានអត្ថន័យសម្រាប់យើង ហើយយើងពិតជាមានមោទនភាពខ្លាំងណាស់ក្នុងការចូលរួមចំណែក​ជួយដល់អ្នកដែលមានតម្រូវការចាំបាច់នេះ។»

    ឯកឧត្តម​សា​ស្រា្ត​ចារ្យ ឈាង រ៉ា អគ្គនាយក​ម​ន្ទីរ​ពេទ្យ​កាល់ម៉ែត បានបញ្ជាក់ថា «ក្នុង​នាមជា​​ប្រជាជនកម្ពុជា ​ខ្ញុំ​​សូម​ថ្លែង​អំណរ​គុណ និងសម្តែងនូវការដឹងគុណ​យ៉ាងជ្រាល​ជ្រៅជាទីបំផុត ​ចំពោះម្ចាស់​ជំនួយ ​និង​ដៃគូ​ទាំង​អស់នៃមូលនិធិនេះ។ ខ្ញុំក៏សូមចូលរួមត្រេកអរផងដែរ ជាមួយនឹងកុមារដែលមាន​ជំងឺ​បេះ​ដូង​ពី​កំណើតនេះ ដែលបានទទួលបានការវះកាត់នៅមន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ នៅ​ប្រទេស​ថៃ ​ដោយ​ឥតគិតថ្លៃ ដែលនេះជាជំនួយដ៏ធំសម្រាប់ប្រជាជន​កម្ពុជា។ នេះ​​ជាការចាប់ផ្តើម ចូលរួម​ចំណែកដល់កុមារកម្ពុជាជាមួយមជ្ឈមណ្ឌលជំងឺបេះដូងភ្នំពេញ ដែល​ធ្លាប់បានជួយវះកាត់ និងពិនិត្យព្យាបាលកុមារកម្ពុជាជាច្រើនមកហើយ ហើយគម្រោងនេះ​ នៅតែត្រូវការដៃគូសហការយូរអង្វែងសម្រាប់អនាគត តទៅទៀត។»

    អំពី មូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់
    មូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ ក្នុងគោលបំណងផ្តល់​ជូន​នូវ​ការថែទាំសុខភាពដល់ប្រជាជនថៃ ដែលមានជីវភាពក្រីក្រ គ្មានលទ្ធភាព ដើម្បីឲ្យពួកគេទទួលបាននូវសេវាកម្មសុខភាពដោយឥតគិតថ្លៃ ចាប់ពីការពិនិត្យសុខភាពរហូតដល់ការវះកាត់សង្គ្រោះជីវិតសម្រាប់កុមារដែលមានជំងឺបេះដូង ហើយមូលនិធិនេះត្រូវ​បាន​ដាក់​ឈ្មោះថា ​មូលនិធិ​សប្បុរសធម៌ព្យាបាល​ជំងឺ​បេះ​ដូង​។​
    អំពី មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់
    មន្ទីរពេទ្យ អន្តរជាតិ  បំរ៉ុងរ៉ាត់ បានបើកដំណើរការនៅឆ្នាំ១៩៨០​ ជាមន្ទីរពេទ្យឯកជន​ដ៏ធំ​បំផុត ​នៅអាស៊ីអាគ្នេយ៍។ នៅឆ្នាំ២០០២ បំរ៉ុងរ៉ាត់ ​បាន​ក្លាយជាមន្ទីរពេទ្យ​ដំបូងបង្អស់នៅអាស៊ី ដែលត្រូវបាន ពិនិត្យ និងទទួលស្គាល់ដោយគណៈកម្មការចម្រុះ ដែលជាផ្នែកមួយនៃស្ថាប័នដូចគ្នា ដែលទទួលស្គាល់ពីមន្ទីរពេទ្យនៅអាមេរិកផងដែរ។ អ្នកជំងឺជាង ១លាននាក់ មកពី ២០០ ប្រទេសផ្សេងៗគ្នា ត្រូវបានព្យាបាលជារៀងរាល់ឆ្នាំ។ មន្ទីរពេទ្យនេះ ​ផ្តល់​ជូន​នូវ​ឯក​ទេស​វេជ្ជ​សាស្រ្ត និងឯកទេសរងចំនួនជាង ៨០ ជាមួយ​នឹងសេវាកម្ម​ថែទាំសុខភាព​ល្អបំផុត ​ដែល​មាន​អ្នកជំងឺសម្រាកនៅពេទ្យចំនួនជាង ៤០០ នាក់ និងអ្នកមកព្យាបាលជំងឺចំនួន ៣០០០ នាក់​ជា​រៀងរាល់ថ្ងៃ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay