អន្តរជាតិ

អ្នកជំងឺកូវីដ១៩មួយចំនួនក្នុងទីក្រុងបាងកក ត្រូវបានគេបញ្ជូនទៅព្យាបាលនៅតាមខេត្ត ដើម្បីជួយសម្រួលដល់ភាពចង្អៀតណែននៅក្នុងទីក្រុង

BY
autoadmin
April 28, 2021

ថៃ៖ ទីក្រុងបាងកកកំពុងប្រឈមនឹងរលកថ្មីៗនៃជំងឺ COVID-19 ដោយចាប់តាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ រហូតមកទល់ពេលនេះ ទីក្រុងនេះតែមួយមានករណីជំងឺ COVID-19 សរុបជាង ១០,០០០ ករណី ដែលធ្វើឱ្យវាអាចប្រឈមនឹងកង្វះខាតខាងផ្នែកវេជ្ជសាស្ត្រនាពេលខាងមុខ ខណៈពេលដែលបច្ចុប្បន្នប្រទេសថៃមានករណីថ្មីៗហក់ឡើងដល់ ៤ខ្ទង រៀងរាល់ថ្ងៃ។ ដូច្នេះដើម្បីជួយសម្រួលដល់ភាពចង្អៀតណែនណាន់តាន់តាប់នៅតាមមន្ទីរពេទ្យនានាក្នុងទីក្រុង អ្នកជំងឺមួយចំនួនត្រូវបានគេបញ្ជូនទៅព្យាបាលនៅខេត្តជិតខាង គឺខេត្ត Samut Prakan និង Samut Sakhon ដើម្បីសម្រួលបន្ទុកដ៏ធំមួយនេះ។

ជាក់ស្ដែងនៅក្នុងខេត្ត Samut Sakhon ដែលធ្លាប់ជាទីតាំងនៃការផ្ទុះឡើងនៅអំឡុងខែធ្នូ និងខែមករា បានចាប់ផ្ដើមបើកទ្វារមន្ទីរព្យាបាលបណ្ដោះអាសន្នរបស់ខេត្តឡើងវិញ ស្របពេលដែលខេត្ត Samut Prakan ក៏បានប្រែអន្តេវាសិកដ្ឋានចំនួន ២ និងសាលប្រជុំធំមួយ របស់សាកលវិទ្យាល័យ Dhonburi Rajabhat របស់ខេត្ត ទៅជាកន្លែងព្យាបាលអ្នកជំងឺ COVID-19 ទាំងអស់ បូករួមជាមួយនឹងគ្រែព្យាបាលចំនួន ៩២០ គ្រែ ។ ឥឡូវនេះមានអ្នកជំងឺប្រមាណជា ៤០០នាក់ ដែលភាគច្រើនគ្មានចេញរោគសញ្ញា ឬជាករណីស្រាល ត្រូវបានបញ្ជូនមកព្យាបាលនៅកន្លែងទាំងនោះ ហើយអ្នកជំងឺខ្លះត្រូវបានបញ្ជូនបន្ដពីទីក្រុងបាងកក នៅពេលដែលជំងឺរបស់ពួកគេបានធូរស្រាលជាងមុន៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger

Share This Post: