អន្តរជាតិ

ថ្ងៃនេះ ប្រទេសឥណ្ឌាបំបែកកំណត់ត្រាឆ្លងថ្មីមួយទៀត ដោយមានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីជាង ៣៦០,០០០ នាក់ និងមរណភាពបន្ថែមជាង ៣,០០០ នាក់

BY
autoadmin
April 28, 2021

ស្ថានការណ៍នៅក្នុងប្រទេសឥណ្ឌាកាន់តែអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលចំនួនមរណភាពដោយសារជំងឺ COVID-19 នៅក្នុងប្រទេសនេះបានកើនឡើងរហូតដល់ជាង ២០០,០០០ ករណី គិតត្រឹមថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១។ អ្វីដែលគួរឱ្យសង្វេគចិត្តជាងនេះទៅទៀត គឺកង្វះអុកស៊ីសែននៅតាមមន្ទីរពេទ្យ និងកង្វះខាតផ្នែកវេជ្ជសាស្ត្រផ្សេងទៀត ដែលតម្រូវឱ្យប្រទេសនេះត្រូវការជំនួយពីអន្តរជាតិជាចាំបាច់។ យើងសង្កេតឃើញថា រលកទី២នៅក្នុងប្រទេសឥណ្ឌា គឺទើបតែផ្ទុះឡើងត្រឹមតែជាងមួយខែប៉ុណ្ណោះ ប៉ុន្តែវាបានធ្វើឱ្យវិស័យសុខាភិបាលដួលរលំ កន្លែងបញ្ចុះសពមានភាពមមាញឹកគ្រប់ពេល ហើយចំនួនអ្នកឆ្លងថ្មីទៀតសោធ គឺមានលើសពី ៣០០,០០០ នាក់ ជារៀងរាល់ថ្ងៃក្នុងសប្ដាហ៍កន្លងមក។

នៅថ្ងៃពុធនេះផ្ទាល់ ប្រទេសឥណ្ឌាបានកត់ត្រាករណីថ្មីរហូតដល់ទៅ ៣៦០,៩៦០ ករណី ដែលជាកំណត់ត្រាប្រចាំថ្ងៃថ្មីបំផុតមួយទៀតនៅក្នុងពិភពលោកនេះ ដែលនាំឱ្យប្រទេសនេះមានករណីឆ្លងសរុបជាង ១៨ លាននាក់។  ថ្ងៃនេះ ត្រូវបានគេចាត់ទុកថាជាថ្ងៃដ៏អាក្រក់សម្រាប់ប្រទេសឥណ្ឌា ដោយសារវាបានកត់ត្រាករណីស្លាបរហូតដល់ទៅ ៣,២៩៣ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ធ្វើឱ្យចំនួនស្លាប់សរុបមានដល់ ២០១,១៨៧ ។ យ៉ាងណាក៏ដោយគេជឿជាក់ថា តួលេខពិតប្រាកដទាំងស្លាប់និងឆ្លងថ្មីអាចមានច្រើនជាងនេះ ព្រោះថាប្រទេសនេះមានប្រជាជនសរុបដល់ទៅ ១.៣៥ ពាន់លាននាក់ ហើយការឆ្លងរាតត្បាតគឺមានស្ទើរតែគ្រប់ទីកន្លែង៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: