អន្តរជាតិ

ប្រេស៊ីលបានដាក់ការហាមឃាត់លើវ៉ាក់សាំង Sputnik V របស់ប្រទេសរុស្សី ដោយបានចោទថា វ៉ាក់សាំងមានផ្ទុកវីរុសដែលនៅរស់

BY
autoadmin
April 29, 2021

អាជ្ញាធរសុខាភិបាលនៃប្រទេសប្រេស៊ីល បានសម្រេចចិត្តហាមឃាត់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលបង្កើតឡើងដោយវិទ្យាស្ថានហ្គាម៉ាឡេយ៉ា (Gamaleya) របស់ប្រទេសរុស្ស៊ី គឺវ៉ាក់សាំង Sputnik V ដោយបានពន្យល់ថា កញ្ចប់វ៉ាក់សាំងមួយចំនួនមានផ្ទុក «វីរុសកូរ៉ូណាដែលនៅរស់» នេះបើតាមសារព័ត៌មាន France24 ដែលបានចុះផ្សាយនៅថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១។ អាជ្ញាធរសុខាភិបាលប្រេស៊ីល បានចោទជាសំណួរទៅលើសុចរិតភាពនៃដំណើរការផលិតវ៉ាក់សាំង Sputnik V ថាតើវ៉ាក់សាំងនឹងបង្កហានិភ័យចំពោះពលរដ្ឋដែលមានភាពស៊ាំខ្សោយឬទេ ប្រសិនបើនេះជាកំហុសនៅក្នុងការផលិតទ្រង់ទ្រាយធំ? ប៉ុន្តែទោះជាយ៉ាងណាខាងវិទ្យាស្ថានហ្គាម៉ាឡេយ៉ា បានបដិសេធចំពោះការចោទប្រកាន់របស់ប្រេស៊ីល។

បញ្ហារបស់វាគឺត្រូវបានផ្តោតជុំវិញការប្រើប្រាស់វីរុសអាដេណូ ឬ adenovirus vector នៅក្នុងវ៉ាក់សាំង Sputnik V ដែលវាជាវីរុសសាកល្បងមួយ ដែលអាចធ្វើឱ្យមានជំងឺផ្លូវដង្ហើមកម្រិតស្រាល។ ប៉ុន្តែសម្រាប់នៅក្នុងការផលិតវ៉ាក់សាំងវិញ វីរុសនោះមិនអាចចម្លងមកមនុស្សបានទេ ហើយវាត្រូវបានរចនាឡើងដើម្បីគាំទ្រកោសិការបស់មនុស្ស និងបង្វឹកប្រព័ន្ធរាងកាយរបស់មនុស្សនៅពេលដែលជួបជាមួយជំងឺ COVID-19 ពិតប្រាកដ។ ជម្រាបដែរថា វ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ីបានប្រើប្រាស់ adenovirus vectors ចំនួន ២ ប្រភេទផ្សេងៗគ្នា គឺ adenovirus ប្រភេទ 26 (Ad26) សម្រាប់ការចាក់លើកទី១ និង adenovirus ប្រភេទ 5 (Ad5) សម្រាប់ការចាក់លើកទី២ ។

យ៉ាងណាក៏ដោយអាជ្ញាធរសុខាភិបាលប្រេស៊ីល Anvisa បាននិយាយថា ពួកគេបានធ្វើតេស្ដលើសំណាករបស់វ៉ាក់សាំងទី២ ហើយបានរកឃើញថា វីរុសនៅក្នុងវ៉ាក់សាំងគឺអាចចម្លងបានដដែល ដែលមានន័យថា នៅពេលដែលវ៉ាក់សាំងចូលដល់ក្នុងរាងកាយមនុស្ស គឺវានៅអាចពង្រីកខ្លួនបាន។ Anvisa បាននិយាយថា បញ្ហាបែបនេះកន្លងមកគឺមិនងាយកើតមាននោះទេ ហើយវាទំនងជាបណ្ដាលមកពីការផ្សំសារធាតុឡើងវិញសម្រាប់កញ្ចប់ថ្មីមិនបានត្រឹមត្រូវ៕

អត្ថបទ៖ លីដា
ប្រភព៖ France24

Share This Post: