សហរដ្ឋអាមេរិកគ្រោងនឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ពលរដ្ឋពេញវ័យយ៉ាងហោចណាស់ ៧០% នៅត្រឹមដើមខែកក្កដា
- BY
- autoadmin
- May 5, 2021
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានមានប្រសាសន៍ថា លោកចង់ឱ្យមនុស្សពេញវ័យជនជាតិអាមេរិកចំនួន ៧០% បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់មួយលើក នៅត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១។ លោកប្រធានាធិបតីបានបង្ហាញគោលដៅរបស់លោកនៅថ្ងៃអង្គារនេះ ដោយរួមជាមួយគោលបំណងក្នុងការចាក់វ៉ាក់សាំងការពារឱ្យបានគ្រប់ចំនួនដូស ជូនដល់មនុស្សពេញវ័យចំនួន ១៦០ លាននាក់ នៅថ្ងៃតែមួយនោះផងដែរ ដែលត្រូវជាថ្ងៃឈប់សម្រាកបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក។

លោកប្រធានាធិបតីក៏បានប្រកាសពីការខិតខំប្រឹងប្រែង ដើម្បីបង្កើនចំនួនកន្លែងសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ក៏ដូចជាការជំរុញការបង្កើតគ្លីនិក និងអង្គភាពចល័តនៅតាមតំបន់ជនបទ ហើយលោកកំពុងព្យាយាមបញ្ចុះបញ្ចូលជនជាតិអាមេរិកឱ្យចាក់វ៉ាក់សាំងបន្ថែមទៀត ដោយហៅវាថាជា «ជម្រើសនៃជីវិតនិងការស្លាប់»។ លោកបាននិយាយថា ការទទួលបានការចាក់ថ្នាំបង្ការរោគនឹងជួយប្រជាជន និងមនុស្សជាទីស្រឡាញ់ឱ្យមានសុវត្ថិភាព អាចបើកអាជីវកម្មឡើងវិញ និងធ្វើឱ្យប្រទេសមានដំណើរការដូចដើមវិញ។
ជាក់ស្ដែងមជ្ឍមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺបាននិយាយថា គិតត្រឹមថ្ងៃច័ន្ទនេះ ៥៦.៣% នៃអ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅនៅសហរដ្ឋអាមេរិក បានទទួលវ៉ាក់សាំងវ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់មួយដងរួចមកហើយ។ ប៉ុន្តែចំនួនប្រជាជនប្រចាំថ្ងៃដែលបានទៅចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានចាប់ផ្តើមថយចុះនៅពាក់កណ្តាលខែមេសា ដែលប្រការនេះគឺជាការព្រួយបារម្ភមួយផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






