ការវិភាគរបស់កូរ៉េខាងត្បូងបានបង្ហាញថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ AstraZeneca និង Pfizer មានប្រសិទ្ធភាព ៨៦.៦% ក្នុងចំណោមមនុស្សវ័យចាប់ពី ៦០ឆ្នាំ
- BY
- autoadmin
- May 5, 2021
ទិន្នន័យដោយទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ (KDCA) ដែលបានបង្ហោះនៅថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១ នេះបានបង្ហាញថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនឱសថអាមេរិក Pfizer ដែលត្រូវបានបង្កើតរួមគ្នាជាមួយដៃគូអាល្លឺម៉ង់ BioNTech មានប្រសិទ្ធភាព ៨៩.៧% នៅក្នុងការការពារជំងឺ COVID-19 យ៉ាងហោចណាស់ ២សប្តាហ៍ បន្ទាប់ពីការចាក់លើកទី១ ខណៈដែលថ្នាំវ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត AstraZeneca សហការជាមួយសាកលវិទ្យាល័យ Oxford មានប្រសិទ្ធភាព ៨៦% នៅអំឡុងរយៈពេលដូចគ្នានោះ។ ពោលគឺវ៉ាក់សាំងទាំង ២ប្រភេទ មានប្រសិទ្ធភាពប្រមាណជា ៨៦.៦% ក្នុងចំណោមមនុស្សវ័យ ៦០ឆ្នាំ ឬចាស់ជាងនេះ។

ការវិភាគនេះគឺផ្អែកលើប្រជាជនជាង ៣.៥ លាននាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានអាយុលើសពី ៦០ឆ្នាំ រយៈពេល២ខែ គិតចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ និងរាប់បញ្ចូលមនុស្សចំនួន ៥២១,១៣៣ នាក់ ដែលបានទទួលការចាក់វ៉ាក់សាំងដូសដំបូងរបស់វ៉ាក់សាំងរបស់ Pfizer ឬ AstraZeneca ។ KDCA បាននិយាយថា មានករណីឆ្លងជំងឺ COVID-19 បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី១ត្រឹមតែ ១,២៣៧ ករណី ប៉ុណ្ណោះក្នុងចំណោមពួកគេ ហើយមានតែ ២៩ករណី ដែលចេញពីក្រុមទទួលថ្នាំបង្ការទាំង២ដូស។ ដូច្នេះហើយ KDCA ជំរុញឱ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បន្ថែមទៀត ហើយបានបន្ថែមថា កន្លងមកវាបានធ្វើឱ្យហានិភ័យនៃជំងឺធ្ងន់ធ្ងរថយចុះ។
គួរឱ្យដឹងដែរថា ប្រទេសកូរ៉េខាងត្បូងធ្លាប់ជាប្រទេសដំបូងគេនៅលើពិភពលោកនេះ ដែលមានករណីជំងឺ COVID-19 ច្រើនបំផុតនៅក្រៅពីប្រទេសចិន។ ដោយសារតែប្រទេសនេះគ្រប់គ្រងស្ថានភាពជំងឺបានល្អ វាមិនបណ្ដាលឱ្យមានការឆ្លងរីករាលដាលចាប់មិនឈ្នះដូចប្រទេសដទៃនោះទេ។ ប៉ុន្តែទោះជាយ៉ាងណាជំងឺ COVID-19 បំលែងខ្លួនថ្មីបានដើរតួយ៉ាងសំខាន់នៅក្នុងចំណោមករណីថ្មីៗនាពេលបច្ចុប្បន្ននេះ ហើយនៅថ្ងៃពុធនេះផ្ទាល់ខ្លួនបានកត់ត្រាករណីថ្មីចំនួន ៦៧៦ករណី ដែលនាំឱ្យចំនួនឆ្លងសរុបមានដល់ ១២៤,៩៤៥ ករណី និងមរណភាពសរុបចំនួន ១,៨៤៧ ករណី៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






