អន្តរជាតិ

ជប៉ុនគ្រោងនឹងបន្តភាពអាសន្នរបស់ខ្លួនរហូតដល់ចុងខែឧសភា ខណៈដែលព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូកាន់តែខិតចូលមកដល់

BY
autoadmin
May 7, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នៅថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១ បានរាយការណ៍ឱ្យដឹងថា រដ្ឋាភិបាលនៃប្រទេសជប៉ុនគ្រោងនឹងបន្តភាពអាសន្នរបស់ខ្លួន នៅទីក្រុងតូក្យូ និងតំបន់ចំនួន ៣ ផ្សេងទៀត ក្នុងរយៈពេលប្រហែលជា ៣សប្តាហ៍ ពោលគឺរហូតដល់ចុងខែឧសភានេះ ដើម្បីទប់ស្កាត់ការកើនឡើងនូវករណីជំងឺ COVID-19 ដែលកំពុងវាយប្រហារយ៉ាងខ្លាំងនៅក្នុងរយៈពេលចុងក្រោយនេះ ខណៈដែលនៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូនឹងឈានចូលមកដល់។

រដ្ឋាភិបាលជប៉ុនកំពុងស្នើសុំឱ្យប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ គួរស្នាក់នៅផ្ទះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ពួកគេនឹងស្នើសុំដល់ហាងលក់ទំនិញ និងមជ្ឈមណ្ឌលផ្សារទំនើប ដើម្បីឱ្យមានការកាត់បន្ថយម៉ោងធ្វើការជាជាងបិទទាំងស្រុង ដើម្បីកំណត់ផលប៉ះពាល់ដល់សេដ្ឋកិច្ច។ ក្រុមមន្ត្រីក៏នឹងជម្រុញឱ្យបារ និងភោជនីយដ្ឋាននានា មិនគួរឱ្យមានការសេពគ្រឿងស្រវឹង និងបិទទ្វារត្រឹមម៉ោង ៨យប់។ ការប្រកាសអាសន្នបន្ថែមនេះ នឹងមានឥទ្ធិពលលើទីក្រុងតូក្យូ អូសាកា ហ្យូហ្គូ និងក្យូតូ៕

អត្ថបទ៖​ លីដា
ប្រភព៖ NHK

Share This Post: