ប្រទេសជប៉ុនគ្រោងនឹងផ្តល់ថវិកា ៧០០ លានដុល្លារបន្ថែមទៀត ជូនដល់កម្មវិធី COVAX សម្រាប់ការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍
- BY
- autoadmin
- May 12, 2021
រដ្ឋាភិបាលជប៉ុនគ្រោងនឹងផ្តល់ថវិកាប្រមាណជា ៧០០ លានដុល្លារបន្ថែមទៀត ជូនដល់មូលនិធិ COVAX ដែលជាក្របខ័ណ្ឌអន្តរជាតិមួយសម្រាប់គោលបំណងធានាថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ត្រូវបានចែកចាយដោយស្មើភាពគ្នា។ គោលដៅរបស់កម្មវិធី COVAX គឺដើម្បីផ្តល់ឱ្យបណ្តាប្រទេស និងដែនដីជុំវិញពិភពលោក ជាមួយនឹងវ៉ាក់សាំងបង្ការចំនួន ១.៨ ពាន់លានដូស នៅចុងឆ្នាំនេះ ដែលវានឹងគ្រប់គ្រាន់ដើម្បីចាក់បង្ការប្រជាជនប្រមាណ ៣០% នៅប្រទេស និងតំបន់កំពុងអភិវឌ្ឍន៍នៅលើពិភពលោក។

ជម្រាបដែរថា COVAX និយាយថា ខ្លួនកំពុងត្រូវការថវិកាចំនួន ៨.៣ ពាន់លានដុល្លារ និងវ៉ាក់សាំងចំនួន ១.៧ ពាន់លានដូស សម្រាប់គម្រោងមួយនេះ។ ប្រទេសជប៉ុនក៏បានចូលរួមវិភាគទាន ២០០ លានដុល្លាររួចហើយ ប៉ុន្តែបានសម្រេចចិត្តផ្តល់ថវិកាបន្ថែម ព្រោះខ្លួនជឿជាក់ថា ការចាក់វ៉ាក់សាំងចាំបាច់ត្រូវធ្វើឱ្យបានទូលំទូលាយនៅទូទាំងពិភពលោក ដូច្នេះជំងឺរាតត្បាតអាចគ្រប់គ្រងបាន។
នាយករដ្ឋមន្រ្តី Suga Yoshihide ទំនងនឹងធ្វើការប្រកាសអំពីការចូលរួមចំណែកបន្ថែមនេះ នៅក្នុងកិច្ចប្រជុំកំពូលមួយស្ដីពីវ៉ាក់សាំង ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១។ កិច្ចប្រជុំកំពូលនេះត្រូវបានឧបត្ថម្ភដោយប្រទេសជប៉ុន និង Gavi ដែលជាសម្ព័ន្ធវ៉ាក់សាំង មានគោកបំណងឱ្យប្រទេសកំពុងអភិវឌ្ឍន៍អាចមានវ៉ាក់សាំងគ្រប់គ្រាន់ស្មើភាពគ្នា៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






