ប្រទេសឥណ្ឌាបានអនុម័តថ្នាំ 2-DG ដែលធ្លាប់ជាថ្នាំសម្រាប់ជំងឺមហារីក សម្រាប់ការព្យាបាលជំងឺកូវីដ១៩ ក្នុងស្ថានភាពបន្ទាន់
- BY
- autoadmin
- May 17, 2021
ប្រទេសឥណ្ឌាបានចាប់ផ្តើមចែកចាយថ្នាំព្យាបាលជំងឺ COVID-19 ដែលខ្លួនបង្កើតឡើងនៅក្នុងស្រុក ដើម្បីសម្រួលដល់ប្រព័ន្ធវេជ្ជសាស្ដ្ររបស់ប្រទេស ខណៈពេលដែលខ្លួនកំពុងខ្វះខាតវ៉ាក់សាំងបង្ការជំងឺ COVID-19 ហើយនៅតាមមន្ទីរពេទ្យគឺពោរពេញទៅដោយអ្នកជំងឺ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃច័ន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។ ប្រភពព័ត៌មានបាននិយាយថា អាជ្ញាធរឥណ្ឌាបានអនុម័តថ្នាំ 2-DG សម្រាប់ការព្យាបាលក្នុងស្ថានភាពបន្ទាន់ ហើយវាត្រូវបានគេប្រើជាលើកដំបូង នៅតាមមន្ទីរពេទ្យនៅទូទាំងរដ្ឋធានីដេលី។

ជម្រាបដែរថា ថ្នាំ 2-deoxy-D-glucose ឬ 2-DG ត្រូវបានបង្កើតឡើងដោយអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកការពារជាតិ (DRDO) ដោយសហការជាមួយក្រុមហ៊ុនឱសថឈ្មោះ Dr Reddy ប៉ុន្តែវាបានទទួលការរិះគន់ជាច្រើន ដោយសារថ្នាំនេះនៅមិនទាន់មានទិន្នន័យគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថាវាសមស្របតាមស្ដងដារនោះទេ។ អ្នករិះគន់ក៏បានចង្អុលបង្ហាញដែរថា ថ្នាំ 2-DG ដើមឡើយគឺត្រូវបានបង្កើត និងសាកល្បងសម្រាប់ការព្យាបាលជំងឺមហារីក ប៉ុន្តែមិនដែលត្រូវបានគេអនុម័តឱ្យប្រើប្រាស់ជាផ្លូវការនោះទេ។
ទោះជាយ៉ាងណាស្ថានការណ៍នៅឥណ្ឌាកាន់តែយ៉ាប់យ៉ឺន ថ្វីបើសព្វថ្ងៃនេះវាមានការថយចុះនូវចំនួនឆ្លងក៏ដោយ តែបើប្រៀបទៅនឹងប្រទេសដទៃ គឺប្រទេសឥណ្ឌាមានការឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ហើយវាបានក្លាយជាចំណុចកណ្តាល «epicenter» នៃការឆ្លងរាតត្បាតនៅក្នុងពិភពលោក ជាមួយនឹងករណីសរុបចំនួន ២៤លាន និងមរណភាពសរុបចំនួន ២៧០,០០០នាក់។ ដូច្នេះហើយការបញ្ចេញថ្នាំសម្រាប់ការព្យាបាលគឺជាការសម្រេចចិត្តដ៏លំបាកមួយ នៅពេលដែលជំងឺ COVID-19 បំលែងខ្លួនរបស់ឥណ្ឌា បានចូលរួមចំណែកយ៉ាងខ្លាំងនៅក្នុងរលកថ្មីចុងក្រោយនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






