គិតត្រឹមរសៀលថ្ងៃនេះ វៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍សរុបចំនួន ១០៤ ករណី និងមរណភាពបន្ថែម ២នាក់
- BY
- autoadmin
- May 18, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress សម្រាប់រសៀលថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ បានរាយការណ៍ថា ក្រសួងសុខាភិបាលវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៨៥ បន្ថែមទៀតនៅរសៀលនេះ ដែលជាករណីក្នុងសហគមន៍កត់ត្រាចេញពីទីក្រុង និងខេត្តចំនួន ៩ របស់ប្រទេស។ កាលពីព្រឹកមិញនេះផ្ទាល់ ក្រសួងសុខាភិបាលក៏បានប្រកាសពីករណីក្នុងសហគមន៍ចំនួន ១៩ ករណីផងដែរ ដូច្នេះវានាំឱ្យចំនួនករណីឆ្លងជំងឺ COVID-19 គិតត្រឹមរសៀលថ្ងៃនេះ មានដល់ ១០៤ ករណី។

រហូតមកទល់នឹងពេលនេះ ប្រទេសវៀតណាមមានករណីជំងឺ COVID-19 ក្នុងសហគមន៍សរុបចំនួន ១,៤២៥ ករណី ចាប់តាំងពីរលកនៃការឆ្លងជំងឺ COVID-19 ចុងក្រោយ ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ហើយវាត្រូវបានកត់ត្រាចេញពីទីក្រុង និងខេត្តចំនួន ២៨ ។ នៅថ្ងៃនេះផ្ទាល់ វៀតណាមកក៏បានកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ចំនួន ២នាក់ បន្ថែមទៀតដែរ ដែលនាំឱ្យការស្លាប់សរុបមានដល់ ៣៧ នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






