អាជ្ញាធរសិង្ហបុរីធ្វើការស៊ើបអង្កេតភោជនីយដ្ឋានថៃមួយ បន្ទាប់ពីបានលក់ឈា.មជ្រូក ដែលវាខុសនឹងច្បាប់ចំណីអាហាររបស់សិង្ហបុរី
- BY
- autoadmin
- May 19, 2021
ទីភ្នាក់ងារស្បៀងអាហារសិង្ហបុរី (SFA) នៅថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ បានរាយការណ៍ថា អាជ្ញាធរសិង្ហបុរីកំពុងធ្វើការស៊ើបអង្កេតលើភោជនីយដ្ឋានថៃមួយ ចំពោះការលក់ និងការកាន់កាប់ឈាមជ្រូកខុសច្បាប់។ កាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅថ្មីៗនេះ ទីភ្នាក់ងារនេះបានធ្វើប្រតិបត្តិការនៅឯភោជនីយដ្ឋានថៃមួយ ក្នុងផ្សារទំនិញ Golden Mile Tower បន្ទាប់ពីទទួលបានដំណឹងនេះ ហើយពួកគេក៏បានរកឃើញថា ភោជនីយដ្ឋានគឺបានលក់អាហារមានផ្ទុកឈាមជ្រូកពិតមែន និងបានរឹបអូសយកឈាមជ្រូកមួយចំនួនពីទីនោះផងដែរ។

SFA បាននិយាយថា ផលិតផលបែបនេះត្រូវបានហាមឃាត់នៅក្នុងប្រទេសសិង្ហបុរី ពីព្រោះឈាមសត្វធ្វើឱ្យបាក់តេរីលូតលាស់បានយ៉ាងងាយ និងអាចផ្ទុកនូវជំងឺផ្សេងៗទៀត ហើយការប្រមូលយកឈាមដែលគ្មានអនាម័យត្រឹមត្រូវ ក៏អាចជាភ្នាក់ងារបង្កឱ្យមានមេរោគចូលទៅក្នុងឈាមទាំងនោះដែរ។ អាហារឈាមទាំងនេះក៏គ្មានប្រភពច្បាស់លាស់នោះទេ ខណៈនៅសិង្ហបុរីផ្ទាល់ អាហារអាចនាំចូលបានលុះត្រាតែមានការអនុញ្ញាត ហើយរាល់ការប្រគល់ទំនិញត្រូវតែប្រកាស និងមានលិខិតអនុញ្ញាតត្រឹមត្រូវ។
ចំពោះបញ្ហានេះ អ្នកដែលនាំចូលនិងលក់ផលិតផលឈាមជ្រូកដោយខុសច្បាប់ អាចត្រូវបានពិន័យជាប្រាក់រហូតដល់ ៥០,០០០ ដុល្លារ និងត្រូវជាប់ពន្ធនាគាររយៈពេលអតិបរមា ២ ឆ្នាំ សម្រាប់ការផ្តន្ទាទោសលើកដំបូង។ ក្នុងករណីមានការផ្តន្ទាទោសជាលើកទី ២ ឬបន្ទាប់ពីនេះទៀត ពួកគេអាចត្រូវបានពិន័យជាប្រាក់រហូតដល់ ១០០,០០០ ដុល្លារ និងជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times
- Share This Post:






