អន្តរជាតិ

ប្រទេសជប៉ុនគ្រោងនឹងសម្រេចអនុម័តវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២ ប្រភេទ សម្រាប់ស្ថានភាពបន្ទាន់នៅថ្ងៃព្រហស្បតិ៍នេះ

BY
autoadmin
May 20, 2021

ក្រុមអ្នកជំនាញរបស់ក្រសួងសុខាភិបាលជប៉ុន គ្រោងនឹងសម្រេចចិត្តអនុម័តការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ២ បន្ថែមទៀត នៅថ្ងៃព្រហស្បតិ៍នេះ។ ដូច្នេះអ្នកជំនាញនឹងត្រូវពិនិត្យមើលទៅលើការផលិតវ៉ាក់សាំង របស់ក្រុមហ៊ុនឱសថអាមេរិក Moderna និងមួយទៀតដោយក្រុមហ៊ុនអង់គ្លេស AstraZeneca សហការជាមួយសាកលវិទ្យាល័យ Oxford ។ ក្រសួងបានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុម័តលើវ៉ាក់សាំងទាំង ២ បន្ទាប់ពីការសិក្សារបស់ខ្លួនកន្លងមកបានរកឃើញថា វ៉ាក់សាំងអាចបន្សាបអង្គបដិប្រាណ ដែលអាចទប់ទល់មិនឱ្យឆ្លងជំងឺ COVID-19 បាន។

ក្រសួងក៏ទំនងជានឹងអនុម័តការប្រើប្រាស់វ៉ាក់សាំងទាំង ២ សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ហើយនឹងបែងចែកក្រុមអាយុនាពេលក្រោយបន្ថែមទៀត។ ប្រសិនបើគណៈកម្មាធិការយល់ព្រមនៅថ្ងៃនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Tamura Norihisa នឹងបើកភ្លើងបៃតងជាផ្លូវការនៅព្រឹកថ្ងៃសុក្រស្អែកផ្ទាល់តែម្ដង។ គេរំពឹងថា វ៉ាក់សាំង Moderna នឹងត្រូវបានអនុវត្តនៅកន្លែងចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដែលនឹងបើកនៅទីក្រុងតូក្យូ និងអូសាកានៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: