ទុក្ខជាន់ទុក្ខ! ជំងឺដ៏កម្រមួយហៅថា Black fungus កំពុងចម្លងលើអ្នកជំងឺកូវីដ១៩នៅប្រទេសឥណ្ឌា ដែលបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងពីអ្នកជំនាញសុខភាព
- BY
- autoadmin
- May 24, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រទេសឥណ្ឌាបានរកឃើញករណីជំងឺផ្សិតម៉្យាងហៅថា «black fungus» ចំនួន ៨,៨០០ ករណី ខណៈដែលប្រទេសនេះនៅមិនទាន់បានធូរស្រាលពីជំងឺ COVID-19 ផងនោះ។ ប្រភពព័ត៌មានបាននិយាយថា ជំងឺដ៏កម្រដែលត្រូវបានគេស្គាល់ថាជា Mucormycosis ឬ black fungus នេះមានអត្រាមរណភាពរហូតដល់ទៅ ៥០% ដោយកន្លងមក អ្នកខ្លះអាចជួយសង្គ្រោះជីវិតបានដោយការវះកាត់ភ្នែកម្ខាងចេញ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជំងឺនេះបានវាយប្រហារលើអ្នកធ្លាប់កើតជំងឺ COVID-19 ឬអ្នកដែលកំពុងព្យាបាលជំងឺ COVID-19 ដែលវាបានធ្វើឱ្យក្រុមគ្រូពេទ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង។

គ្រូពេទ្យបាននិយាយថា វាទំនងជាមានទំនាក់ទំនងរវាងជំងឺ black fungus និងថ្នាំស្តេរ៉ូអ៊ីត ដែលពួកគេប្រើប្រាស់សម្រាប់ព្យាបាលជំងឺ COVID-19 ។ អ្វីដែលសំខាន់គឺអ្នកជំងឺ បានឆ្លងជំងឺ black fungus នេះបន្ទាប់ពីពួកគេបានជាពីជំងឺ COVID-19 ពី ១២ ទៅ ១៨ ថ្ងៃប៉ុណ្ណោះ។ គិតមកទល់ពេលនេះរដ្ឋចំនួន ២៩ របស់ប្រទេសឥណ្ឌា បាននិងកំពុងរាយការណ៍ពីករណីជំងឺ black fungus ហើយរដ្ឋាភិបាលក៏បានប្រកាសអាសន្នលើតំបន់រងគ្រោះទាំងនោះ ដោយហៅវាថាជា ទីតាំងឆ្លងរាតត្បាត (epidemic) ផងដែរ។ ឥឡូវនេះបញ្ហាប្រឈមនៅនឹងមុខសម្រាប់ប្រទេសឥណ្ឌាគឺថា អ្នកជំងឺត្រូវការការវះកាត់ជាបន្ទាន់ បើមិនដូច្នោះទេ, អ្នកជំងឺនឹងមានហានិភ័យនឹងស្លាប់រហូតដល់ទៅ ៩៤% ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






