អន្តរជាតិ

ក្រុមហ៊ុនឱសថអាមេរិក Moderna កំពុងព្យាយាមស្នើសុំអាមេរិក ដើម្បីប្រើវ៉ាក់សាំងដែលខ្លួនផលិត ចាក់ឲ្យមនុស្សអាយុ១២ឆ្នាំឡើងទៅ

BY
autoadmin
May 26, 2021

ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna បាននិយាយថា ខ្លួននឹងព្យាយាមស្នើឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលខ្លួនជាអ្នកផលិត ពីរដ្ឋបាល​ចំណីអាហារ​និង​ឪ​ស​ថអាមេរិក (FDA) សម្រាប់មនុស្សដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ ដោយក្រុមហ៊ុននេះបានបញ្ជាក់ថា វ៉ាក់សាំងបង្ការរបស់ខ្លួនគឺមានសុវត្ថិភាព និងមានប្រសិទ្ធភាព ១០០% ចំពោះមនុស្សវ័យជំទង់។ ក្រុមហ៊ុន Moderna បានអះអាងបែបនេះ បន្ទាប់ពីបានប្រកាសលទ្ធផលសិក្សាជាទីគាប់ចិត្តមួយ ចេញពីអ្នកចូលរួមប្រហែល ៣,៧០០ នាក់ ដែលមានអាយុចន្លោះពី ១២ ទៅដល់ ១៧ឆ្នាំ។

នៅក្នុងការសិក្សារបស់ Moderna ពួកគេបានរកឃើញថា អ្នកចូលរួមវ័យជំទង់ដែលបានចាក់វ៉ាក់សាំងទាំង ២ដូស គ្មាននរណាម្នាក់បានវិជ្ជមានជាមួយជំងឺ COVID-19 នោះទេ លើកលែងតែក្រុមប្រើថ្នាំបែប placebo ដែលរកឃើញមានការឆ្លងចំនួន ៤ករណី។ ពោលគឺវ៉ាក់សាំងមានប្រសិទ្ធភាព ៩៣% ក្រោយពេលចាក់ដូសទី១បាន ១៤ថ្ងៃ ហើយបន្ទាប់ពីចាក់បានទាំង ២ដូស គឺគ្មានករណីឆ្លងណាមួយត្រូវបានរាយការណ៍នោះទេ។ ដូច្នេះវាបានធ្វើឱ្យវ៉ាក់សាំងរបស់ក្រុមហ៊ុន​ Moderna ក្លាយជាវ៉ាក់សាំងទី២នៅសហរដ្ឋអាមេរិក បន្ទាប់ពី Pfizer ដែលអាចមានប្រសិទ្ធភាពនៅក្នុងចំណោមមនុស្សវ័យក្មេង ហើយ Moderna នឹងនៅតែបន្ដតាមដានអ្នកចូលរួមការសិក្សានេះបន្តទៀត។

ក្រុមហ៊ុន Moderna និយាយថា ខ្លួននឹងបញ្ជូនលទ្ធផលទាំងនេះទៅ FDA និងនិយតករអាមេរិកនៅទូទាំងពិភពលោកនៅដើមខែមិថុនា ដើម្បីស្នើសុំការអនុញ្ញាតពីស្ថាប័នទាំងនោះ សម្រាប់ការប្រើប្រាស់លើក្មេងជំទង់ដែលមានអាយុពី ១២ ទៅ ១៧ ឆ្នាំ។ រំលឹកដែរថា វ៉ាក់សាំងដែលបង្កើតឡើងដោយក្រុមហ៊ុនអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech ក៏ទើបតែត្រូវបានអនុម័តដោយសហរដ្ឋអាមេរិក សម្រាប់មនុស្សដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ CNBC

Share This Post: