ការសិក្សាមួយរបស់ប្រទេសថៃបង្ហាញថា វ៉ាក់សាំងចិន Sinovac មានប្រសិទ្ធភាពកាត់បន្ថយការឆ្លងជំងឺកូវីដ១៩ បានរហូតដល់ ៨៣.៣%
- BY
- autoadmin
- May 27, 2021
ការសិក្សាមួយរបស់ប្រទេសថៃបានបង្ហាញថា វ៉ាក់សាំង Sinovac មានប្រសិទ្ធភាពកាត់បន្ថយការឆ្លងជំងឺ COVID-19 បានរហូតដល់ ៨៣.៣% នៅក្នុងការស្ទង់មតិមួយ ដែលប្រមូលបានពីអ្នកទទួលវ៉ាក់សាំងនេះរួច នៅឯខេត្តភូកេតរបស់ប្រទេសថៃ។ ប្រជាជនរបស់ខេត្តភូកេតប្រមាណជា ២២% បានទទួលវ៉ាក់សាំង Sinovac ចំនួន ២ដង ខណៈដែល ៤៥% ផ្សេងទៀត បានទទួលថ្នាំចាក់ដំបូងរបស់ពួកគេរួចហើយ។ ពោលគឺខេត្តភូកេត គឺជាគោលដៅនៃការចាក់វ៉ាក់សាំងបង្ការរបស់ប្រទេសថៃ ដោយសារតែខេត្តទេសចណ៍ដ៏សំខាន់មួយនេះ ត្រូវត្រៀមខ្លួនក្នុងការបើកទ្វារទទួលភ្ញៀវឱ្យចូលកម្សាន្តឡើងវិញ។

លោកវេជ្ជបណ្ឌិត Kiattiphum Wongrajit លេខាធិការអចិន្ត្រៃយ៍សុខភាពសាធារណៈបានមានប្រសាសន៍ថា៖«យើងបានសិក្សាលើមនុស្ស ១,៣៦៦ នាក់ នៅក្នុងក្រុមមានហានិភ័យខ្ពស់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ COVID-19 នៅខេត្តភូកេត»។ លោកបានបន្ថែមថា៖ «យើងបានរកឃើញថា ឱកាសឆ្លងជំងឺ COVID-19 បានធ្លាក់ចុះ ៧៣.១ % ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំង Sinovac ដូសដំបូង និង ៨៣.៣ % ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងទាំង២លើក»។
គាត់បានបន្ថែមថា ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំង Sinovac លើកទី១ ប៉ុន្តែបានឆ្លងជំងឺ COVID-19 ទាំងអស់ ៣១ នាក់ មានតែ ១ ករណីប៉ុណ្ណោះ ដែលបានវិវត្តទៅជាជំងឺរលាកសួត ខណៈអ្នកជំងឺ ៦នាក់ផ្សេងទៀត ដែលបានចាក់វ៉ាក់សាំងទាំង ២លើក មិនបានបង្ហាញពីរោគសញ្ញានៃជំងឺរលាកសួតទេ។ មួយវិញទៀតចាប់តាំងពីខែឧសភា ខេត្តភូកេតមិនមានអ្នកជំងឺថ្មីក្នុងចំណោមអ្នកដែលបានទទួលវ៉ាក់សាំង Sinovac ទាំង ២ លើកនោះទេ។ ខេត្តភូកេត នឹងត្រូវបើកទ្វារសម្រាប់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងបង្ការរួច នៅថ្ងៃទី០១ ខែកក្កដា ឆាប់ៗនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






