អន្តរជាតិ

ប្រទេសជប៉ុនអនុញ្ញាតឱ្យវ៉ាក់សាំងប្រភេទមួយនេះ អាចប្រើប្រាស់បានសម្រាប់មនុស្សវ័យក្មេងអាយុពី ១២ ឆ្នាំឡើងទៅ

BY
autoadmin
May 28, 2021

រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុនលោក Tamura Norihisa បានមានប្រសាសន៍ថា រដ្ឋាភិបាលប្រទេសជប៉ុនរំពឹងថា នឹងអនុម័តការពង្រីកការប្រើប្រាស់វ៉ាក់សាំង Pfizer សម្រាប់មនុស្សដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ នៅចុងខែឧសភានេះ។ ជម្រាបដែរថា បច្ចុប្បន្នប្រទេសជប៉ុនអនុញ្ញាតឱ្យមនុស្សដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ អាចទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលបង្កើតឡើងដោយក្រុមហ៊ុនអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ឈ្មោះ BioNTech មួយនេះ។ ជាក់ស្ដែងនាពេលកន្លងមក សហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួន ក៏បានអនុម័តឱ្យមានការប្រើប្រាស់វ៉ាក់សាំងសម្រាប់ក្មេងជំទងបែបនេះដែរ។

លោក Tamura Norihisa បានប្រាប់អ្នកយកព័ត៌មានថា ក្រុមជំនាញរបស់ក្រសួងសុខាភិបាលនឹងពិភាក្សាអំពីបញ្ហានេះនៅថ្ងៃសុក្រ ទី២៨ ខែឧសភា នេះផ្ទាល់។ លោកបាននិយាយថា សេចក្តីណែនាំសម្រាប់វ៉ាក់សាំងនឹងត្រូវពិនិត្យឡើងវិញនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ប្រសិនបើសុវត្ថិភាព និងប្រសិទ្ធភាពរបស់វាត្រូវបានបញ្ជាក់ច្បាស់លាស់។ លោករដ្ឋមន្រ្តីបានបន្ថែមទៀតថា លោកនឹងស្នើសុំឱ្យរដ្ឋាភិបាលក្នុងតំបន់ត្រូវដាក់វិធានការចាំបាច់នានា ដើម្បីឱ្យកុមារងាយទទួលរងគ្រោះថ្នាក់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: